(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមណ្ឌលអាស៉ីនៃមូលនិធិជប៉ុន (JFAC) បាន និងកំពុងរៀបចំនូវព្រឹត្តិការណ៍បុណ្យផ្កាយឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត។

លោក ហូរីណូអ៊ុជិ ហ៉ីដេហ៉ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ពិធីបុណ្យផ្កាយ ឬតាបាណាបា គឺជាបុណ្យប្រពៃណីជប៉ុនមួយ ដែលតែងតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែកក្កដា។ ប្រជាជនជប៉ុន នាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួន នៅលើចម្រៀកក្រដាសពណ៌ ហើយចងព្យួរទៅនឹងដើមឫស្សី ដែលមានការតុបតែងយ៉ាងស្អាត នៅថ្ងៃតាណាបាតា។

លោកបន្តថា នៅកម្ពុជាវិញ ពិធីបុណ្យតាណាបាតា ត្រូវបានរៀបចំឡើងដើម្បីយកវប្បធម៌ ប្រពៃណីតាបាណាបា ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងលើកស្ទួយនូវវប្បធម៌ជប៉ុន និងកម្ពុជាផងដែរ។ កម្មវិធីឆ្នាំនេះ ក៏មានការសម្តែងដោយក្រុម TEMPURA KIDZ ការប្រឡងចម្រៀងណូដូជីម៉ាន់ជាភាសាជប៉ុន និងការប្រគំតន្រ្តី Original ដោយសិល្បករកម្ពុជា។

ជាមួយគ្នានេះ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នាដ៏ល្អ ជាមិត្តភក្តិដ៏ល្អ ដែលបានជួយគ្នាទៅវិញទៅមកនាគ្រាលំបាក។ ប៉ុន្មានទស្សវត្សកន្លងមកនេះ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ហើយផលិតផលរបស់ជប៉ុន បានក្លាយជាផលិតផលដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជាផងដែរ។

លោកបន្តថា ការរៀបចំពិធីបុណ្យផ្កាយនេះឡើង គឺជាសក្ខីភាពបង្ហាញនូវក្តីសង្ឃឹមជានិច្ច នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជាលំដាប់ ទាំងផ្នែកវប្បធម៌ ការទូត និងសេដ្ឋកិច្ច។ លើសពីនេះទៅទៀត ពិធីបុណ្យផ្កាយ ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាពនយោបាយ ប្រជាជនរស់នៅសប្បាយរីករាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ពិធីបុណ្យផ្កាយ គឺជាពិធីបុណ្យប្រពៃណីជប៉ុនមួយ ដើម្បីរំលឹកដល់ដំណើររឿងគូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារីតម្បាញ និងបុរសគង្វាលគោល។ តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នា របស់ខ្លួន ហើយចងព្យួរនឹងមែកឫស្សី ដើម្បីបួងសួងឲ្យបានសម្រេចតាមអ្វី ដែលខ្លួនប៉ងប្រាថ្នា៕