(បាត់ដំបង)៖ លោក លឹម គានហោ នៅថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារបន្តយុទ្ធនាការ ចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃស្ថានភាពទឹក នៅបណ្តាខេត្តស្ថិតនៅភាគពាយ័ព្យប្រទេស ដែលកន្លងមកស្ថានភាពភ្លៀងធ្លាក់ពុំទាន់បានល្អប្រសើរនៅឡើយ គួបផ្សំនឹងផ្ទៃដីនៃបណ្តាខេត្តដែលសុទ្ធសឹងជាជង្រុកស្រូវ ។

ជាក់ស្តែងលោក លឹម គានហោ បានចុះទៅពិនិត្យ៣ទីតាំងរួមមាន៖

*ទី១៖ វឌ្ឍនភាពនៃសំណង់សាលាតាអនកាត់ស្ទឹងសង្កែ ភាគខាងក្រោម សហការជាមួយសាធារណរដ្ធកូរ៉េ ដែលជាលទ្ធផលសម្រេចបានប្រមាណ២៥%
*ទី២៖ ពិនិត្យអំពីស្ថានភាពជាក់ស្តែង នៃបរិមាណទឹកនៃអាងទឹកកំពីងពួយ ក្នុងន័យធ្វើយ៉ាងណាជំរុញទឹកពីប្រភពដើមឲ្យបានចូលបំពេញកាន់តែលឿន
*ទី៣៖ ចុះពិនិត្យ និងជំរុញនូវការដ្ឋានជួលជុលសំណង់តាហែន ដែលបច្ចុប្បន្នមានលទ្ធភាពបញ្ជូនទឹកចូលបំពេញដល់អាងកំពីងពួយ និងចែករំលែកដល់កន្លែងដទៃទៀតដែលកំពុងមានតម្រូវការ។

កាលពីម្សិលមិញ ​លោករដ្ឋមន្រ្តី និងមន្រ្តីបច្ចេកទេស អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវប្រជាពលរដ្ឋចំនួន៥០០ហិកតា ស្ថិតក្នុងភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចតេជោ (ស្ថានីយហ៊ុនសែនទី៥)។

លោករដ្ឋមន្រ្តី លឹម គានហោ បានសំណូមពរ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយ បញ្ហាកង្វះខាតទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕