(ឧត្តរមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិកក្រុមការងារ និងមន្ត្រីរាជការក្នុងខេត្ត រួមជាមួយលោកឧកញ៉ា លឹម ហេង បាននាំយកទៀនព្រះវស្សា២៨គូរ និងទ័យវត្ថុប្រមាណជាង៤០លានរៀល យកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងវត្តចំនួន១៣ផ្សេងទៀត ក្នុងស្រុកអន្លង់វែង។

មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទ្ធ ដែលចូលរួមក្នុងពិធីនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ស្រុកអន្លង់វែងទាំងមូល ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា រៀងរាល់អាណត្តិ និងសុំឲ្យបន្ដជឿជាក់លើការដឹកនាំរបស់សម្តេច និងរួមគ្នារក្សាឲ្យបានសន្តិភាព និងឯករាជ្យជាតិ។

ដោយមានការបិណ្ឌបាត ពីព្រះចៅអធិការវត្តជយទឹកជុំ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកឧកញ៉ា លឹម ហេង ប្រគេនបច្ច័យកសាងពុទ្ធិកសាលា ចំនូន៥,០០០ដុល្លារ, ប្រគេនថវិកាជូនវត្តទាំង១៤ ក្នុង១វត្ត៥០ម៉ឺនរៀល និងជូនតាជី យាយជី២០០នាក់ក្នុងម្នាក់ៗ២ម៉ឺនរៀល៕