(កំពង់ចាម)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេដឹកនាំយុវជនដ៏លេចធ្លោ១រូប បានលើកឡើងថា ពលរដ្ឋល្អ គឺជាធនធានសម្រាប់ប្រទេសជាតិ ចំណែកពលរដ្ឋអាក្រក់ គឺជាបន្ទុករបស់សង្គម។ ជាមួយគ្នានេះ លោកបានអប់រំថា មនុស្សមានចំណេះដឹង មានសមត្ថភាព តែគ្មានគុណធម៌ សីលធម៌ គ្មានការអប់រំផ្លូវធម៌ គឺបំផ្លាញជាតិ បំផ្លាញគ្រួសារ និងសង្គមផងដែរ។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តកែវមុនី ហៅវត្តថ្មី នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រជាពលរដ្ឋកម្ពុជា កសាងសមិទ្ធផលរួមគ្នា ទោះបីបានតិចបានច្រើនកូនខ្មែរ គួរតែមានមោទនភាពនូវសមិទ្ធផលថ្មីៗ ដើម្បីជានិមិត្តរូបនៃការវិវត្តន៍សមិទ្ធផល នៅក្នុងភូមិឃុំស្រុក សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីបំពេញតម្រូវការ នៃកំណើនប្រជាពលរដ្ឋ។ នេះគឺជាការយកចិត្តទុកដាក់ ការដោះស្រាយជីវភាព និងសេចក្តីត្រូវការប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល។

កូនច្បងសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ពលរដ្ឋល្អ គឺជាធនធានសម្រាប់ប្រទេសជាតិ ពលរដ្ឋអាក្រក់ គឺជាបន្ទុករបស់សង្គម មានចំណេះដឹង មានសមត្ថភាព តែគ្មានគុណធម៌ សីលធម៌ គ្មានការអប់រំផ្លូវធម៌គឺបំផ្លាញជាតិ បំផ្លាញគ្រួសារ និងសង្គម។ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង គឺផ្អែកទៅលើការអប់រំសីលធម៌ក្នុងផ្លូវសាសនា ប៉ុន្តែការអប់រំនេះ មិនចាំបាច់តែនៅក្នុងសាលានោះទេ គឺការបង្រៀនរបស់ព្រះសង្ឃ ការបង្រៀនប្រៀនប្រដៅរបស់ឪពុកម្ដាយចំពោះកូននៅក្នុងគ្រួសារ គឺអប់រំឱ្យចេះរស់នៅមានអាកប្បកិរិយា ប្រកបដោយសីលធម៌ និងការគោរពគ្នា»។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរម្លឹកថា ជាក់ស្ដែងការដឹកនាំនៅក្នុងរបប លន់ នល់ របបប៉ុលពត បានបំផ្លាញប្រទេស សម្លាប់ប្រជាជន ធ្វើឱ្យប្រទេសដើរថយក្រោយ ដោយសារការដឹកនាំមិនមានធម៌នៅក្នុងខ្លួន ផ្ទុយទៅវិញចាប់តាំងពីឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃនេះ ការដឹកនាំប្រទេស គឺធ្វើយ៉ាងណាឱ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មានជីវភាពរស់នៅធូធារ បំពេញសេចក្តីត្រូវការ បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ។ នេះហើយ គឺជាការដឹកនាំប្រទេសដោយធម៌ ដែលជាគោលគំនិតរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត បានបន្តថា សព្វថ្ងៃប្រទេសកម្ពុជាមានលំនឹង ប្រជាពលរដ្ឋលែងព្រួយបារម្ភពីសង្គ្រាម លែងលំបាកដូចមុន ប្រទេសជាតិមានភាព សម្បូរសប្បាយ មានភាពសុខដុមរមនា។ ដូច្នេះអ្វីដែលត្រូវធ្វើបន្ត គឺថែរក្សាសមិទ្ធផលដែលយើងមានថែរក្សាសុខសន្តិភាព ហើយត្រូវបន្តចូលរួម កសាងសមិទ្ធផលជាបន្តទៀត ពីសំណាក់ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត សប្បុរសជនជិតឆ្ងាយ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ព្រោះថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មិនដែលស្កប់នូវអ្វីដែលយើងមាននោះទេ មិនដែលស្កប់នូវអ្វីដែលបានផ្ដល់ ឱ្យប្រជាជននោះទេ គឺយើងផ្តល់ឱ្យបានច្រើនតទៅទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ញាក់ស្មារតី ប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាកសាងប្រទេសយើងឱ្យក្លាយជាទឹកដីមាសទឹកដីប្រាក់ ត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជឿថាគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ពេលខ្មែរវាយគ្នាបរទេសគេអង្គុយសើច បើខ្មែរមិនចេះរួបរួមគ្នា ខ្មែរនឹងវេទនា។

លោកបន្តថា៖ សូមប្រជាពលរដ្ឋជឿចុះថ្នាក់ដឹកនាំបច្ចុប្បន្ន គឺបានបញ្ចប់សង្គ្រាម និងរូបរួមគ្នាខ្មែរដើម្បីខ្មែរ។ មួយទៀតសូមឱ្យប្រជាពលរដ្ឋកុំ ទៅចូលរួមសកម្មភាព ទាំងឡាយណាដែលខុសច្បាប់បំផ្លាញសុខសន្តិភាព ស្ថិរភាព។ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល និងធ្វើអ្វីៗ ដើម្បីភាពសម្បូរសប្បាយសម្រាប់ភូមិស្រុកយើង៕