(កំពង់ស្ពឺ)​៖​ នៅថ្ងៃទី​១៣ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ២៣៧គ្រួសារ​ រស់នៅក្នុងភូមិចំនួន​ ៣២ភូមិ​ នៃឃុំត្រពាំងជោ​ និងឃុំតាសាល ​តំបន់រលាក់កងជេីង​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចែកអំណោយ​នេះ បាន​ប្រព្រឹត្តទៅនៅទីតាំងទី១​ នៅវត្តត្រពាំងជោ​ សម្រាប់ប្រជាពលរដ្ឋ​ ១៤០គ្រួសារ​ និងទីតាំងទី២​ នៅវត្តតាលូត​មានជ័យ​ សម្រាប់ប្រជាពលរដ្ឋ​ ៩៧គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតពិតប្រាកដ​ដែលត្រូវការឱ្យជួយជាចាំបាច់​ និងចូលរួមផ្តល់អំណោយសម្រាលការលំបាកក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី​ ១​ បានពាំនាំសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព​ ជាពិសេស​ បង្ការនិងទប់ស្កាត់ជំងឺឆ្លង​ ២ប្រភេទ​គឺ​ ជំងឺគ្រុនឈាម​ និងជំងឺ​ប៉េសជ្រូក​ ដែលកំពុងរីក​រាលដាលសព្វថ្ងៃនេះ។

ត្រូវសម្រាន្តក្នុងមុងជានិច្ច​​ បរិភោគទឹកឆ្អិន និងមានអនាម័យជុំវិញផ្ទះ ហេីយប្រសិនបេីក្តៅខ្លួន​ ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យ​ដេីម្បីព្យាបាលជាបន្ទាន់​ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។​ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ និងអសន្តិសុខក្នុងសង្គម។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងបេីកបរដោយប្រុងប្រយ័ត្ន​រាល់ពេល​ធ្វេីដំណេីរ។

ជាមួយគ្នានេះ​ លោកស្រីបានថ្លែងនូវក្តីរីករាយជាមួយប្រជាពលរដ្ឋនៅតំបន់នេះ​ ដែលពីមុនធ្លាប់មានជំលោះប្រដាប់អាវុធ​ បាន​ប្រែក្លាយជាមានសន្តិភាព​ និងការរីកចម្រេីន។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការរេីសអេីងអ្វីឡេីយ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ និងថវិកា​ចំនួន​ ២ម៉ឺនរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប។

សូមបញ្ជាក់​ថា ក្នុងឱកាសនោះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ ក៏បាននាំយកទៀនវស្សាមួយគូ​ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំងពីរ​ខាងលេី​ផងដែរ៕