(សៀមរាប)៖ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានបូក៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េ លើកទី៣៥ និងក្រុមការងារស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី២២ បានដាក់ចុះផែនការសកម្មភាព មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាបន្ថែមទៀត។

ការឯកភាពគ្នាដាក់ចេញផែនការសកម្មភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៃស្ថាប័នទេសចរណ៍អាស៊ានបូក៣ និងស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងទេសចរណ៍កម្ពុជា បានអបអរសាទរនូវកំណើនទេសចរពីប្រទេសបូក៣ និងឥណ្ឌា។

ឆ្លៀតឱកាសឆ្នាំ២០១៩ ដែលជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌាផងនោះ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា បានជំរុញសកម្មភាពសហប្រតិបត្តិការបន្ថែមទៀត។ ប្រទេសឥណ្ឌាក៏បានអញ្ជើញកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ាន-ឥណ្ឌា Movie Festival ផងដែរ។

កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ានបូក៣ និងអាស៊ាន-ឥណ្ឌា នាពេលខាងមុខ នឹងផ្ដោតលើ៖
* ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដូចជា ការចូលរួមតាំងពិព័រណ៍របស់អាស៊ាន នៅប្រទេសបូក៣ និងឥណ្ឌា។
* ការរៀបចំសន្និសីទយុវជនអាស៊ានបូក៣។
* ការបណ្តុះបណ្តាលធនធានមនុស្សផ្តល់ដោយប្រទេសបូក៣ ដល់សមាជិកអាកស៊ានជាដើម។

លោក ថោង រដ្ឋសិក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអ្តរជាតិ ក្រសួងទេសចរណ៍ បានឆ្លៀតឱកាសអរគុណដល់ប្រទេសចិន ជប៉ុន កូរ៉េ និងឥណ្ឌា ដែលកន្លងមកបានផ្តល់ការគាំទ្រ ដល់កម្ពុជា លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើទីផ្សារទាំង៤ និងបានអញ្ជើញប្រទេសអាស៊ានបូក៣ និងឥណ្ឌា ចូលរួមព្រឹត្តិការណ៍នានានៅកម្ពុជា នាពេលខាងមុខ មានដូចជាពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា (CTM) វេទិកាវិនិយោគទេសសចរណ៍លើកទី២ សន្និសីទអន្តរជាតិស្តីពី «ការសម្រួលការធ្វើដំណើរនៃប្រទេសអាស៊ានបូក៣» ដែលព្រឹត្តិការណ៍ទាំងនេះនឹងរៀបចំអំឡុងខែតុលា និងវិច្ឆិកា មុនដំណាច់ឆ្នាំ២០១៩នេះ៕