(ភ្នំពេញ)៖ លោក អ៊ុក ច័ន្ទដារ៉ាវុធ នាយកផ្នែកលក់ និងទីផ្សារនៃខុនដូរ The Seven Residence បានឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃផ្ទះបានកើនឡើងយ៉ាងខ្លាំង នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន កំពុងងាកមករកការទិញខុនដូតម្លៃសមរម្យ សម្រាប់ការរស់នៅ ដែលមានសុវត្ថិភាព និងគ្មានហានិភ័យ។

ខុនដូតម្លៃសមរម្យ ដែលអ្នកជំនាញរូបនេះចង់លើកឡើង គឺជាខុនដូណាដែលមានតម្លៃចាប់ពី ១,៤០០ដុល្លារអាមេរិក ទៅ២,០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ លោកថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋ អាចបង់រំលស់បានរហូតដល់ ២៥ឆ្នាំ ឬចង់បង់ផ្តាច់ ឬបង់ប្រាក់ដើមបន្ថែមពេលណាក៏បាន ដោយមិនមានប្រាក់កក់ និងការពិន័យ ជាមួយខុនដូរ The Seven Residence នេះទេ។

គម្រោងខុនដូ The Seven Residence បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធបើកលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយបានប្រកាសថា ជាខុនដូរដំបូងគេ ដែលមានតម្លៃសមរម្យ និងស្ថិតនៅកណ្តាលក្រុង ជិតផ្សារទំនើបអ៉ីអន២ មានទំហំអាគារប្រមាណជាង ៣ម៉ឺន៥ពាន់ម៉ែត្រការ៉េ កម្ពស់២៧ជាន់ ស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះគឺជាសំណង់ខុនដូ ដែលត្រូវបានសាងសង់ទៅតាមបទដ្ឋានស្តង់ដា ធានាបាននូវសុវត្ថិភាពខ្ពស់។

លោក អ៊ុក ច័ន្ទដារ៉ាវុធ បានថ្លែងបន្តថា ៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរនឹងមានទំនោរ ទៅលើការរស់នៅក្នុងខុនដូ ជាពិសេសខុនដូដែលមានតម្លៃសមរម្យ និងនៅកណ្តាលក្រុង។

លោកបានគូសបញ្ជាក់ថា កត្តាហិរញ្ញវត្ថុ កត្តាសុខភាព កត្តាសុវត្ថិភាព និងកត្តាចរាចរណ៍ ជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ងាកទៅរកការរស់នៅក្នុងខុនដូ ព្រោះការរស់នៅបែបនេះ មានគ្រប់បែបយ៉ាង មានផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ អាងហែលទឹក ស្ទីមសូណា កន្លែងក្មេងលេង និងបណ្ណាល័យ បន្ទប់ប្រជុំ គឺនៅកន្លែងតែមួយ មិនចាំបាច់ចំណាយពេលយូរ និងអាចជួយកាត់បន្ថយការចំណាយច្រើនជាដើម។

គួរបញ្ជាក់ថា សម្រាប់ទីផ្សារខុនដូបច្ចុប្បន្ន ត្រូវបានបែងចែកជា៣ គឺ៖ខុនដូរមានកម្រិតមធ្យមតម្លៃប្រមាណ ១,៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតមធ្យម មានតម្លៃប្រមាណ ២,៦៥០ដុល្លារអាមេរិក ក្នុងម៉ែត្រការ៉េ និងខុនដូកម្រិតខ្ពស់ប្រមាណ ៣,៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីផ្សារខុនដូ របស់ប្រជាពលរដ្ឋខ្មែរ គឺកម្រិតមធ្យមតម្លៃ ១,៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េនេះឯង៕