(កំពង់ស្ពឺ)៖ ប្រជាជនចំនួន២ភូមិ មានភូមិព្រៃគុយ និងភូមិបាញ់កង្កែប ស្ថិតឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រាល់ថ្ងៃមានឡានដឹកដីធន់យក្ស ខ្នាតកង់១០ បានបើកលើខ្នងប្រឡាយ តាហោ យកមកចាក់នៅដីផ្សាថ្នល់ទទឹង បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព និងបានធ្វើឲ្យខូចខាតផ្លូវខ្នងប្រឡាយស្ទើរទាំងស្រុង ដោយមិនអាចពលរដ្ឋធ្វើដំណើរតាមនោះបានឡើយ។

ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ក្រុមហ៊ុនដែលដឹកសព្វជារបស់ឈ្មោះ ម៉ៅ ជាមន្ត្រីយោធាមានមុខរបរជាអ្នកកាយអាចម៍ដីលក់ ហើយថ្មីៗនេះ បានមកធ្វើអាជីវកម្មដឹកដីចាក់លុបត្រពាំង នៅផ្សាថ្នល់ទទឹង ដោយបានបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅ ភូមិខាងលើជាប្រចាំរាល់ថ្ងៃ។

ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាមកពិនិត្យភាពមិនប្រកតីនេះ ដែលរាល់ថ្ងៃបានរំខានដល់ការរស់នៅយ៉ាងខ្លាំង ហើយបើសិនជាក្រុមហ៊ុននេះ ចង់រកស៊ីបន្តគួរឲ្យដឹកតាមផ្លូវផ្សេងវិញ ពីព្រោះមានផ្លូវសម្រាប់រត់ដឹកដីបានដូចគ្នា។

ដោយឡែក បញ្ហាក្រុមហ៊ុននេះ មានច្បាប់ ឬអត់ច្បាប់ពលរដ្ឋក្នុងភូមិមិនបានដឹងទេ គ្រាន់ក្រុមហ៊ុននេះដឹកដីដោយឡានធំៗ ហើយបានគ្របដី ធ្វើឲ្យហុយមកលើពួកគាត់រាល់ថ្ងៃ និងបង្កឲ្យខូចខាតផ្លូវ ចូលភូមិ ព្រមទាំងខ្នងប្រឡាយតាហោថែមទៀត។

ប្រជាពលរដ្ឋ មានចម្ងល់ថា រាល់គេថ្ងៃគេសង្កេតឃើញមានក្រុមសមត្ថកិច្ចជំនាញ ចេញចូលទៅកាដ្ឋានមួយនេះជារៀងរាល់ថ្ងៃ តែក្រុមនេះនៅតែប្រព្រឹត្តខុសច្បាប់ ក្នុងមានការកាយដីមិនទាន់ មានអាជ្ញាប័ណ្ណ ដឹកចេញមិនគ្រប (ហុយ) ឡានដឹកធំៗដឹកបណ្តាលឲ្យផ្លូវ ជាពិសេសផ្លូវចង្អៀតមិនអាចឲ្យពួកគាត់ធ្វើដំណើរកើតទេ៕