(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការពង្រឹងការងារអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករក្រីក្រនៅក្នុងប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីភាពកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពនគម្រោង AIMS កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរម្លឹកឡើងវិញអំពីសាវតា និងវត្ថុបំណងរបស់គម្រោង ដែលផ្តោតសំខាន់លើការអភិវឌ្ឍច្រវាក់តម្លៃផលិតផល (ស្រូវ, ដំឡូងមី, មាន់ស្រែ, បន្លែ និងសូត្រឆៅ) ដោយតភ្ជាប់ផលិតកម្មជាមួយទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

លោករដ្ឋមន្ត្រី បានស្នើមន្ទីរពាណិជ្ជកម្មទាំងអស់បញ្ជ្រាបការងារគម្រោង AIMS ទៅក្នុងការងារស្នូលប្រចាំថ្ងៃ សម្រាប់មន្ត្រី ធ្វើការរៀនសូត្រ និងដកស្រង់បទពិសោធន៍ថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ជាមួយរាជរដ្ឋាភិបាល ហើយត្រូវបង្កើនកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយគម្រោងផ្សេងទៀត ដែលគាំទ្រដោយអង្គការ IFAD មានដូចជាគម្រោង ASPIRE, គម្រោង SAAMBAT និងគម្រោងទៀតរបស់រាជរដ្ឋាភិបាល ដែលអាចផ្តល់គុណប្រយោជន៍ និងសក្តានុពលបំពេញឱ្យគ្នាទៅវិញទៅមក។

«អ្វីដែលជាការចង់បានរបស់យើង គឺនិរន្តរភាពប្រាក់ចំណូលរបស់ប្រជាកសិករ! យើងត្រូវធ្វើឱ្យប្រាកដថា កសិករនឹងមិនដួលរលំ ឬបរាជ័យក្នុងមុខរបរឡើយ នៅពេលដែលគ្មានជំនួយពីគម្រោង គឺគាត់នៅតែអាចធ្វើពាណិជ្ជកម្ម និងអាចរកប្រាក់បានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះ សូមមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត!»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

សូមជម្រាបថា AIMS គឺជាគម្រោងដ៏ធំមួយ របស់ក្រសួងពាណិជ្ជកម្ម ក្រោមហិរញ្ញប្បទានកម្ចីរបស់អង្គការ IFAD ប្រមាណ ៣៦,៣ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ គម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើខេត្តសក្តានុពលចំនួន ១៨ទូទាំងប្រទេស ដែលមានប្រជាកសិករប្រមាណ ៦ម៉ឺនគ្រួសារ ហើយត្រូវបានអនុវត្តចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពគម្រោង ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះឥទ្ធិពលដល់គោលដៅអភិវឌ្ឍន៍គម្រោងទាំងមូល៕