(កណ្ដាល)៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានចេញលិខិតផ្ញើជូនលោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១១ ស្តីពីការអនុវត្តនីតិវិធី នៃការវាស់វែងដីផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់)។ នេះបើតាមលិខិតរបស់លោក ម៉ៅ ភិរុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ៅ ភិរុណ បានឲ្យដឹងថា បច្ចុប្បន្នទីផ្សារដីធ្លី មានសកម្មភាពកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល។ ការទិញ-លក់ដីទាំងនោះ ភាគច្រើនធ្វើឡើង តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) វាស់វែងដោយគណៈកម្មការក្រុង-ស្រុក និងមានភ្ជាប់គំនូសបង្ហាញទីតាំង ដែលបញ្ជាក់ទទួលស្គាល់ ដោយរដ្ឋបាលសុរិយោដី ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រា។

ដើម្បីចៀសវាងបញ្ហាវិវាទផ្សេងៗ អភិបាលខេត្តកណ្ដាល សូមធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ រាល់ការស្នើសុំផ្ទេរសិទ្ធិ ដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវអនុវត្តនីតិវិធីដូចការស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈ ដាច់ដោយដុំដែរ ដោយត្រូវធ្វើការជូនដំណឹងស្តីពីការវាស់វែងដល់អ្នកស្នើសុំ និងអ្នកជាប់ព្រំឲ្យមកចូលរួម និងត្រូវធ្វើការបិទផ្សាយជាសាធារណៈយ៉ាងតិច ៧ថ្ងៃ។

ក្រោយពេលធ្វើការវាស់វែង ប្រមូលទិន្នន័យរួច ត្រូវចេញលិខិតជូនដំណឹង នៃការបិទផ្សាយទិន្ន័យដែលប្រមូលបាន បិទផ្សាយជាសាធារណៈនៅសាលាឃុំ-សង្កាត់ និងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង-ស្រុក រយៈពេល ១៥ថ្ងៃ ទៀត ដើម្បីឲ្យស្របតាមអនុក្រឹត្យ១២១ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។

*ទី២៖ ទម្រង់ពាក្យស្នើ សុំផ្ទេរសិទ្ធិកាន់កាប់ ដីធ្លីដែលមិនទាន់ចុះបញ្ជី អនុវត្តគំរូទម្រង់លិខិត ដូចពាក្យស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ៕

ខាងក្រោមនេះ ជាលិខិតរបស់លោក ម៉ៅ ភិរុណ ដែលផ្ញើជូន លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១១៖