(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហោះសារមួយ ដែលបង្ហាញអំពីទស្សនៈ នៃការដឹកនាំ ភាពកតញ្ញូ និងតម្លៃ របស់មដឹកនាំដែលបានឆ្លងកាត់សង្គ្រាម រហូតធ្វើឲ្យប្រទេសមួយមានសុខសន្ដិភាព។

បង្ហោះសារ តាមរយៈ Facebook ដែលអមជាមួយរូបភាព នៃវិមានឈ្នះឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ទស្សនៈ នៃការដឹកនាំ ភាពកតញ្ញូ និងតម្លៃ នៃការថែរក្សាបទពិសោធន៍ដ៏សំខាន់ នៃជីវិត គឺការព្យាយាមប្រឹងប្រែង រួមជាមួយការកំណត់ នៃវាសនា និងព្រហ្មលិខិតក៏ថាបាន។ មនុស្សដែលមានសំណាង កត្តាដ៏សំខាន់វិសេសវិសាលមួយ ក្នុងចំណោមកត្តាដទៃទៀត គឺដែលកើតមកបានជួបភព្វ័មេល្អ បានជួបអ្នកដឹកនាំល្អ ដែលបានដឹកនាំមាតុភូមិឆ្លងកាត់សង្រ្គាម រហូតបានសន្តិភាព។

នេះខ្ញុំអាចរំលឹកពីអតីតកាល និងពេលបច្ចុប្បន្ន ក្នុងការបំពេញភារកិច្ចតាមបទបញ្ជា ត្រូវអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ទោះពេលខ្លះយើង មិនបានដឹងថា ទស្សនៈ និងគោលគំនិតដ៏ជ្រៅរបស់ថ្នាក់ដឹកនាំផ្ទាល់ត្រូវ ឬខុសឬយ៉ាងណាទេ ប៉ុន្ដែត្រូវតែគោរពនូវបទបញ្ជានោះសិន ព្រោះជាការគោរពការជឿជាក់ និងការទុកចិត្តលើការដឹកនាំ ហើយត្រូវតែការពារ ត្រូវតែប្តូរផ្ដាច់ ជាមួយនឹងការដាក់ចេញនូវគោលការណ៍ចក្ខុវិស័យ និងទស្សនៈទាំងឡាយនោះ។

យើងត្រូវមានគោលគំនិតថា ថ្នាក់ដឹកនាំ ឬមេកើយ គឺមើលឃើញឆ្ងាយដឹងរឿងច្រើន ហើយមានលក្ខណៈពិសេសបំផុត គឺធ្វើថ្នាក់ដឹកនាំ។ សម្រាប់យើងពិតជា មិនអាចដឹងអស់ និងមើលឃើញសព្វហើយនៅឆ្ងាយពីដៃ ដូច្នេះទោះត្រូវ ឬខុសត្រូវការពារ ត្រូវគោរព ត្រូវតែអនុវត្តតាមដាច់ខាត។ នេះគឺជាកិច្ចការដំបូង រីឯហេតុផលនានា អាចត្រូវបញ្ជាក់នាពេលក្រោយ ហើយបើអាចមានអ្វីកើតឡើង ដោយមានលក្ខណៈមិនប្រក្រតីខ្លះ គឺយើងក៏ត្រូវដឹងដែរថា គឺពិតជាមានអ្វីមិនប្រក្រតី នៅពីក្រោយមួយដែរ។

ដូច្នេះដាច់ខាតអំពីគុណធម៌ នៃការគោរពអ្នកមានគុណ គោរពមេ ក៏ដូចជាឪពុកម្តាយ គឺជាគុណធម៌ និងភាពកត្តញ្ញូ ដែលនាំឲ្យមានភាពសុខសាន្ត និយាយយ៉ាងខ្លី គឺការគោរពអ្នកដែលផ្ដល់កំណើតធ្វើឲ្យយើង មាននៅពេលនេះ នៅថ្ងៃនេះ។ និយាយអំពីទិដ្ឋភាពសាធារណៈធំទូលាយ គឺសន្តិភាពទោះបីជាអ្នកជំនាន់មុន មិនបានចេះដឹងច្រើន មិនឈ្លាសវៃខ្លាំងក្លា ឬទំនើប និងមិនមានជីវភាពស្ដុកស្តម្ភបរិបូរណ៍ ឬក៏រស់ក្នុងស្ថានភាពដូចបច្ចុប្បន្ន ក៏ប៉ុន្ដែទាំងអស់នេះ គឺចាំបាច់យើងត្រូវតែនឹកឲ្យឃើញនូវទិដ្ឋភាព ដែលបានបញ្ជាក់ខាងដើមថា បើមិនមានអ្នកទាំងនោះ គឺយើងអាចមានស្ថានភាពដូចថ្ងៃនេះដែរ ឬទេ?

ជាពិសេសអ្នកដែលបានក្រាញននាល ក្នុងការផ្ដល់ឲ្យសន្តិភាពដែលមានមកដល់នេះ តាមជាមួយនឹងអ្នកដឹកនាំកំពូល និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ព្រោះជីវិតដែលមាននៅក្នុងថ្ងៃនេះពោរពេញ ទៅដោយស្ថានភាពសុខដុម ភាពសំបូរបែប ភាពសុខសាន្ត និងសន្តិភាពនេះ គឺកើតឡើងដោយគំនរ និងការចាប់ផ្ដើមជាមួយការននាល ដោយអ្នកជំនាន់មុន ដែលពេលខ្លះអ្នកជំនាន់នេះ ទើបតែនឹងចាប់ផ្ដើមកំណើត ឬទើបតែចាប់ផ្ដើមដឹងក្ដីប៉ុណ្ណោះ។

នេះគឺជាទស្សនៈ នៃភាពកត្តញ្ញូ ដើម្បីថែរក្សាបន្ត បើសិនជាត្រូវការការពារនូវសុខសន្តិភាព និងភាពសុខសាន្តនេះទៅមុខទៀត ក៏គប្បីសម្លឹងមើលអតីតកាលខ្លះ ដើម្បីឲ្យឃើញជាក់ថានោះហើយជាតម្លៃ នៃប្រវត្តិសាស្រ្ត ដែលបានបង្ហាញយើងគ្រប់គ្នា។

ចម្លើយរួមងាយណាស់ គឺអាចនិយាយថា យើងគ្រប់គ្នា ចេះស្រឡាញ់ជាតិ ស្រឡាញ់ជីវិត ស្រឡាញ់កិត្តិយស និងស្រឡាញ់ភាពជាមនុស្ស ដូច្នេះដើម្បីកិច្ចការទាំងអស់នេះ ២០ឆ្នាំ ៣០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំ ៦០ឆ្នាំកន្លងមក យើងទាំងឡាយបានចូលរួមចាប់ផ្ដើមនូវកិច្ចការ ដែលជាព្រឹត្តិការណ៍សង្គម ដូចដែលឃើញឆ្លងកាត់ នូវគ្រប់ទិដ្ឋភាពទាំងអស់ ដែលមិនធ្លាប់មាននៅក្នុងតំបន់ផង ពិភពលោកផងដែរ។

នេះហើយសូមឲ្យក្លាយជាការគិតគូរមួយ ដែលសូមឲ្យតភ្ជាប់ជាមួយ នឹងការរំលឹកដល់ភាពកត្តញ្ញូ ការរំលឹកទៅដល់អ្វីដែលអ្នកគ្រប់ជំនាន់ បានផ្ដល់ពីមុនរហូតដល់ពេលនេះ ដើម្បីបន្តជំហានទៅមុខប្រកបដោយភាពសុខសាន្ត ពេញលេញ»៕