(រតនគិរី)៖ អ្នកម៉ៅការសំណង់ និងម្ចាស់ផ្ទះល្វែងមួយកន្លែងនៅក្រុងបានលុង ខេត្តរតនគីរី បានកើតជម្លោះរឿងម៉ៅការធ្វើសំណង់ ដោយភាគីអ្នកម៉ៅការចោទម្ចាស់ផ្ទះល្វែងជិត៩ម៉ឺនដុល្លារ ប៉ុន្តែភាគីម្ចាស់ផ្ទះល្វែងវិញ បានឆ្លើយតបវិញថា មិនបានរំលោភកិច្ចសន្យានោះឡើយ។

ដោយសារសោះស្រាយមិនចេញ ភាគីអ្នកម៉ៅការសំណង់បានដាក់ពាក្យទៅកាន់តុលាការ ហើយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ តុលាការនឹងធ្វើការដោះស្រាយជូន។

លោក តាំង នី អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ម្ចាស់ផ្ទះល្វែងកំពុងសាងសង់ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា លោកមិនរំលោភកិច្ចសន្យាជាមួយអ្នកម៉ៅការឈ្មោះ លាស់ វូឌី អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដូចការលើកឡើងនោះទេ។

លោកថា កិច្ចសន្យាតាមដំណាក់កាលនីមួយៗ គឺភាគីគាត់គោរពទាំងអស់ ក្នុងការបើកលុយ មិនឲ្យខ្វះខាងអ្នកម៉ៅការសំណង់នោះទេ ដោយមានឯកសារប្រគល់ទទួលត្រឹមត្រូវ ដូច្នេះសុំកុំឲ្យមានការភ័ណ្ឌច្រឡំ។ ចំពោះការស្នើសុំដីកាសម្រេចរក្សាការពារ (ផ្អាកសាងសង់) ពីព្រោះដោយសារតែលោក លាស់ វូឌី មិនគោរពកិច្ចសន្យា។

រីឯលោក លាស់ វូឌី បានប្រាប់ថា រវាងលោក និងលោក តាំង នី មានបញ្ហាមិនចុះសម្រុងជាមួយគ្នាពោល គឺមិនបើកប្រាក់ពលកម្មជិត៩ម៉ឺនដុល្លារ នាំឲ្យគាត់ខ្វះលុយបើកឲ្យកម្មករ និងទិញសម្ភារផ្សេងៗសម្រាប់តម្រូវការសំណង់។

គាត់ក៏បានស្នើសុំដីកាការពារ (ផ្អាកសំណង់) ដោយរង់ចាំភាគីម្ចាស់គម្រោងផ្ទះល្វែងទូទាត់លុយសិន។ ទាក់ទិនទៅនឹងករណីខាងលើនេះដែរលោក ម៉ៅ សារី មេធាវីតំណាងលោក តាំង នី ក៏បានប្រាប់ឲ្យដឹងថា រឿងរ៉ាវនេះជារដ្ឋប្បវេណីដូច្នេះភាគីនីមួយៗ ប្រកែកយកត្រូវរៀងៗខ្លួន។

លោកថា កន្លងមកកូនក្តីរបស់លោក គឺលោក តាំង នី បានហៅលោក លាស់ វូឌី ជួបមុខតទល់គ្នានៅតុលាការដែរ តែលោក លាស់ វូឌី គេចវេសលើកទៅថ្ងៃនេះ, ថ្ងៃនោះ តែរឿងនេះដឹងស ខ្មៅ ខុស ត្រូវ នាពេលខាងមុខ គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ សូមយកឯកសារ ភស្តុតាងរៀងៗខ្លួន តទល់មុខគ្នានៅសាលាដំបូងខេត្តរតនគិរី ចៀសវាងសាចទឹកដាក់គ្នា សូមកុំបំផ្លើសព័ត៌គ្នាទៅវិញទៅមកពោល គឺទុកឲ្យច្បាប់ជាអ្នកស្វែងរកយុត្តិធ៌មជូន៕