(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានយកគ្រឿងចក្រទៅវាយកម្ទេចសំណង់រឹងមាំ របស់ប្រជាពលរដ្ឋ២គ្រួសារ ដែលបានធ្វើការសង់លយចូលក្នុងដីរបស់វត្តពោធិ៍ចិនតុង។ មុននឹងធ្វើការប្រើធម៌ក្តៅនេះ អាជ្ញាធរក៏បានធ្វើលិខិតអញ្ជើញ និងជូនដំណឹងទៅភាគីពាក់ព័ន្ធពីគ្រួសារទាំង ២គ្រួសារនេះ ជាច្រើនលើកតែមិនចូលខ្លួនមកដោះស្រាយ ទើបអាជ្ញាធរប្រើធម៌ក្តៅតែម្តង។

ពេលអនុវត្តនោះ ប្រជាពលរដ្ឋពីរគ្រួសារនោះ មានការមិនសុខចិត្តដោយចោទអាជ្ញាធរថា មិនបានជូនដំណឹងទៅកាន់ពួកគេឲ្យបានដឹងជាមុននោះឡើយ ខណៈចុះអនុវត្តនោះ ក៏មានការប៉ះទង្គិច ពីពួកគេ រហូតយកដុំថ្មគប់មកលើគ្រឿងចក្រ និងអាជ្ញាធរថែមទៀតផង ទើបអាជ្ញាធរសម្រេចដកកម្លាំង និងគ្រឿងចក្រចេញមកវិញ ដើម្បីកុំឲ្យមានការប្រទូស្តសារ៉ាយ ខណៈពលរដ្ឋស្រែកទ្រហោយំ ទៀតផងដែរ។

ការចុះវាយកម្ទេចសំណង់សង់លយចូលដីវត្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងវត្តពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរូមពីមន្ត្រីភូមិបាលខណ្ឌ អាវុធហត្ថខណ្ឌ នគរបាលខណ្ឌ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។

បើតាមមន្ត្រីខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុននឹងអាជ្ញាធរចុះទៅវាយកម្ទេចសំណង់ផ្ទះរបស់ប្រជាពលរដ្ឋ២គ្រួសារខាងលើនេះ គឺក្រោយពីមានប្តឹងពីព្រះសង្ឃវត្តពោធិ៍ចិនតុង យោងទៅតានឯកសារកំណត់ហេតុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ដោះស្រាយជុំវិញបញ្ហាទំនាស់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ តាមបណ្តោយរបងវត្ត និងផ្លូវរថភ្លើង ក្រោមការចូលរួមពីលោក ផន ដាវី ប្រធានមន្ទីរធម្មការក្រុងភ្នំពេញ ព្រះតេជគណ វង់ គឹមសនអតីតចៅអធិការវត្តពោធិ៍ចិនតុង ព្រមទាំងមន្ត្រីសាលាសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើន។

ព្រះចៅអធិការវត្តពោធិ៍ចិនតុង បានសម្រេចសម្បទានដីចំនួន ១១ម៉ែត្រ ទៅឲ្យប្រជាពលរដ្ឋ ៣០គ្រួសារនោះ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីអក្សរចំណីផ្លូវភ្លើង ៣០ ម៉ែត្រ ដែលជាដីរបស់វត្ត គឺមានការឯកភាពគ្នា ពីប្រជាពលរដ្ឋព្រមទទួលយកដីសម្បទានចំនួន១១ម៉ែត្រនោះផងដែរ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបន្តទៀតថា ប្រជាពលរដ្ឋ ៣០គ្រួសារ គឺមានប្រជាពលរដ្ឋ ២គ្រួសារ ដែលបានសង់រំលោភចូលដីវត្ត ដោយសង់លយ និងបុកគ្រឹះចូលទៅក្នុងដីរបស់វត្តតែម្ដង។ ក្រោយពីមានករណីសង់លយចូល ទៅក្នុងដីវត្តព្រះសង្ឃ នៅក្នុងវត្តពោធិ៍ចិនតុង ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ និងដោះស្រាយពីបញ្ហានេះផងដែរ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានបន្តថា ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរបានធ្វើលិខិត កោះអញ្ជើញប្រជាពលរដ្ឋ២គ្រួសារ និងចេញសេចក្តីជូនដំណឹងជាច្រើន ទៅកាន់ប្រជាពលរដ្ឋ ២គ្រួសារនោះផងដែរ ប៉ុន្តែប្រជាពលរដ្ឋ២គ្រួសារនោះ បានព្យាយាមគេចខ្លួន មិនចូលខ្លួនមកដោះស្រាយនោះឡើយ។

អាជ្ញាធរបានបន្តទៀត រហូតមកទល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសម្រេចប្រើធម៌ក្តៅដឹកនាំកម្លាំងយប់ ឬចាក់ទៅវាយសំណង់ ដែលសង់លយចូល ទៅក្នុងដីវត្តតែប៉ុណ្ណោះ។ ក្នុងពេលចុះប្រតិបត្តិការនោះ ក៏មានការរារាំងពីសំណាក់ប្រជាពលរដ្ឋ២គ្រួសារនោះ ថែមទាំងមានការចម្រូងចម្រាស រហូតឈានដល់ប្រជាពលរដ្ឋ២គ្រួសារ លោកបានយកដុំថ្មគប់ទៅលើគ្រឿងចក្រ និងអាជ្ញាធរថែមទៀតផង។ ខណៈនោះដែរ អាជ្ញាធរបានដកគ្រឿងចក្រ នឹងដកកម្លាំងចេញមកវិញ ដើម្បីចៀសវាងការប៉ះទង្គិច និងហិង្សាកើតឡើងដែរ និងរកដំណោះស្រាយដោយសន្តិវិធីនាពេលក្រោយវិញ។

ដោយឡែក តាមការអះអាងពីប្រជាពលរដ្ឋ ២គ្រួសារនោះ គឺពួកគេមានប្លង់កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ ដែលមានការស៊ីញ៉េទទួលស្គាល់ពីសាលាសង្កាត់កាកាប។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីបញ្ហាដ៏ក្តៅគគុកខាងលើនេះ មិនទាន់បានសម្រេចដោះស្រាយបញ្ចប់នៅឡើយទេ រង់ចាំការដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត៕