(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) មូលហេតុដោយសារការដ្ឋាន កោះពេជ្រ កាយដាក់បំពង់ទុយោ ធ្វើឲ្យដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១០៖២១នាទីព្រឹកនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕