(ព្រះសីហនុ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ស្តីពីគម្រោងវឌ្ឍនភាពជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

តាមបទបង្ហាញ នៃវឌ្ឍនភាពគម្រោង កែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះ រួមមាន៖

*ទី១៖ គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន
*ទី២៖ ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ
*ទី៣៖ ផែនការស្តាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ ក្នុងកំពង់ផែឧកញ៉ាម៉ុង
*ទី៤៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។

យោងតាមជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ក្រសួងនឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន ៣កំណាត់។

ក្រសួងសាធារណការ ក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជួសជុលផ្លូវ ក្នុងក្រុងចំនួន ១២ខ្សែ ក្នុងនោះមានផ្លូវចំនួន ៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកា ដែលបានមកពីសំណងបណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឲ្យផ្លូវខូចខាត ក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសម្ភារផ្សេងៗ បំរើការក្នុងការសាងសង់អាគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឲ្យខូចខាតផ្លូវក្នុងខេត្ត។

លើសពីនេះទៅទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ផ្លូវលេខ៧០០ ។ សរុបជារួមគម្រោងផ្លូវ ដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០, ៨១៤, ៨១៨, ១០៣, ១៤៣ , ៧០១ , ១០៨៣ , ២០៩ , ៨២៣ , ៨២៧ , ៨២១ , ៨២៥ ដែលមានតម្រូវការថវិកា ២៥,២៨៨លានរៀល ។

ដោយឡែក គម្រោងឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលផ្លូវទាំង ១២ខ្សែក្នុងក្រុង បានបើកដំណើរការការដ្ឋានជួលជុលផ្លូវចំនួន ៦ខ្សែរួចមកហើយ រីឯ៦ខ្សែផ្សេងទៀត រដ្ឋបាលខេត្តកំពុងមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០។

លោក គួច ចំរើន បានថ្លែងអំណរគុណ ដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន។

លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកា ថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗ នៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំ ២០២២ខាងមុខ៕