(កណ្តាល)៖ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី បានចាប់ផ្តើមទទួលជនរងគ្រោះ ជាជនវិបល្លាសស្មារតីចំនួន៤៨នាក់ ដោយផ្ទេរពីមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅកាត់មណ្ឌលព្រៃស្ពឺ ទៅកាន់ទីតាំងថ្មីនៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាស ដែលមានទីតាំងក្នុងឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ។

ពិធីផ្ទេរនេះបានធ្វើឡើងដោយមានការចូលរួមពី លោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក តូច ចាន់នី អគ្គនាយ នៃអគ្គនាយកដ្ឋានបច្ចេកទេស លោក ហុក គឹមចេង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងក្រសួងសុខាភិបាល លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម តំណាងសាលារាជធានីភ្នំពេញ និងមន្រី្តក្រសួង-មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា «មណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនេះ គឺជាមណ្ឌលទី១ហើយក្នុងប្រវត្តសាស្ត្រកម្ពុជា ដោយកន្លងមកកម្ពុជាធ្លាប់មានតែមន្ទីរពេទ្យព្រែកត្នោត នៅក្រុងតាខ្មៅប៉ុណ្ណោះ ដែលព្យាបាលជនមានវិបល្លាសស្មារតី។ ការផ្លាស់មកទីតាំងថ្មីនេះគឺជាជម្រើសដ៏ល្អ ដោយវានឹងមានភាពល្អប្រសើរច្រើន បើធៀបការស្នាក់នៅមណ្ឌលព្រៃស្ពឺ ដែលមានលក្ខណៈតូចចង្អៀត ហើយសមត្ថិភាពនៃមណ្ឌលថ្មីនេះ អាចផ្ទុកជនវិបល្លាសស្មារតី បានប្រមាណជាជាង២០០នាក់ឯណោះ ប៉ុន្តែដំណាក់កាលដំបូងនេះ បញ្ជូនជនវិបល្លាសស្មារតី ទៅមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនេះ ត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ដើម្បីបុគ្កលិកស៊ាំ»។

លោក តូច ចាន់នី បន្ថែមថា មណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីថ្មីនេះ បែងចែកជនវិបល្លាសស្មារតី យ៉ាងច្បាស់លាស់ដាច់ដោយឡែកពីគ្នា រវាងប្រុសស្រី និងជនវិបល្លាស ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរហើយ ក៏មានកងកម្លាំងសមត្ថិកិច្ចប្ដូរវេនគ្នាយាមកាម២៤ម៉ោង។

ចំណែកលោកវេជ្ជបណ្ឌិត ឡោ វណ្ណថា រី ប្រធានក្រុមការងារសុខាភិបាលនៃមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី បានឱ្យដឹងថា នៅក្នុងទីតាំងមណ្ឌលថ្មីនេះ មានវេជ្ជបណ្ឌិតប្រមាណជា៣០នាក់ ដើម្បីប្ដូរវេនគ្នាបំពេញការងារប្រចាំការ២៤ម៉ោងដើម្បីផ្ដល់ថ្នាំព្យាបាលជាទៀងទាត់ និងព្យាបាលជំងឺផ្សេងៗទៀតដល់ជនមានវបល្លាសទាំងអស់។ មណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនេះ បង្កើតឡើងក្រោមកិច្ចសហការ របស់អន្តរក្រសួងក្នុងនោះមានក្រសួងសង្គមកិច្ច ក្រសួងសុខាភិប ល ក្រសួងមហាផ្ទៃ និងអង្គការម៉ារីណុល។

គួរបញ្ជាក់ថា សម្រាប់ទីតាំងថ្មីនៅក្នុងខេត្តកណ្ដាលនេះ មានទីតាំងធំទូលាយ សម្រាប់ជនវិបល្លាសស្នាក់នៅ មានទីធ្លាធំសម្រាប់លំហែរកាយ និងអារម្មណ៍ស្មារតី ជាពិសេស ជនមានវិបល្លាសស្មារតី ប្រុសស្រី និងរស់នៅក្នុងបន្ទប់ ដាច់ដោយឡែកពីគ្នា ហើយមានការបែងចែកការស្នាក់នៅទៅតាមស្ថានភាព ជំងឺផងដែរ និងមានគ្រូពេទ្យប្រចាំការក្នុងមណ្ឌល ជួយថែទាំសុខភាពជូន ជនមានវិបល្លាសស្មារតីពេញ២៤ម៉ោង៕