(កណ្តាល)៖ អាជីវករលក់ដូរបន្លែត្រីសាច់ នៅក្នុងផ្សារស្អាងខាងត្បូង ភូមិព្រែករុនក្នុង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានត្អូញត្អែពីទុក្ខលំបាករបស់ពួកគាត់គ្មានកន្លែង លក់ដូរត្រឹមត្រូវ ដោយបច្ចុប្បន្នពួកគាត់កំពុងលក់ដូរនៅលើបេតុងដែរ ប៉ុន្តែបេតុងលាយ ទៅដោយភក់ជ្រាំស្អុយ គគ្រិចគ្មានអនាម័យ លក់មាត់លូរ នៅពេលមានភ្លៀងរលឹម គឺលក់កណ្តាលភ្លៀង ដោយសារគ្មានដំបូលជិតមិតនោះទេ។

អាជីវករទាំងអស់ទទូចសុំឱ្យអាជ្ញាធរជួយជំរុញអ្នកទទួលអភិវឌ្ឍន៍ផ្សារ ពន្លឿនការអភិវឌ្ឍន៍ ដើម្បីឱ្យពួកគាត់ជាអាជីវករបានសុខស្រួលផង ម្យ៉ាងវិញទៀត ពេលផ្សារមានបរិស្ថានល្អ អ្នកមករកទិញម្ហូបអាហារទទួលទានច្រើនធ្វើឱ្យពួកគាត់ជាអាជីវក៏ទទួលបាននូវចំណូលច្រើនផងដែរ។ បើដូចបច្ចុប្បន្ននេះ លក់មិនដាច់ព្រោះតែផ្សារមិនស្អាត។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អាជីវករនោះ លោក ប៉ោង សេង ជាអ្នកទទួលវិនិយោគផ្សារស្អាងខាងត្បូង ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ចំពោះលោកជាអ្នកទទួលអភិវឌ្ឍន៍ផ្សារ គឺលោករង់ចាំតែធ្វើការអភិវឌ្ឍន៍នោះទេ ប៉ុន្តែដោយផ្សារស្អាងខាងត្បូងនេះ វាមានការជាប់គាំងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋមួយគ្រួសារកំពុងតែប្តឹងផ្តល់គ្នានៅតុលាការនៅឡើង ដូច្នេះទើបលោកមិនអាចធ្វើការអភិវឌ្ឍន៍កើត ដោយរង់ចាំការដោះស្រាយគ្នា រវាងអាជ្ញាធរ និងប្រជាពលរដ្ឋមួយគ្រួសារនោះរួចរាល់នៅតុលាការ លោកនឹងធ្វើការអភិវឌ្ឍន៍ភ្លាម។

លោកបានបន្តថា ទោះបីជាផ្សារកំពុងស្ថិតក្នុងក្តីក្តាំគ្នានោះក៏ដោយ ប៉ុន្តែលោកបានកសាងជាសាបក្នុងបរិវេណផ្សារ និងដាក់ប្រពន្ធលូរបង្ហូរទឹកស្អុយ និងបានកែច្នៃសោភ័ណ្ឌភាពមួយចំនួនផងដែរ។ លោកបានបន្ថែមទៀតថាផ្សារនេះកាលពីមុន គឺមានស្ថានភាពបែកល្បាប់ដីភក់ស្អុយឆ្អាប់ និងឆ្អេះ សំរាមអណ្តែតទឹក ប៉ុន្តែដើម្បីសម្រួលដល់ការលក់ដូររបស់បងប្អូនអាជីវករឱ្យបានស្រួលបន្តិចនោះលោកក៏បានចាក់សាប់ជាបណ្តោះអាសន្នសិនទៅ។ ប៉ុន្តែសាបនេះមិនមែនជាផ្លូវការនោះទេ ក្រោយពីអាជ្ញធរស្រុកដោះស្រាយបណ្តឹងជាមួយពលរដ្ឋមួយគ្រួសារ ដែលមករស់នៅលើដីផ្សាររួចរាល់លោក និងកសាងថ្មីឡើងវិញទាំងអស់។

ចំពោះការត្អូញត្អែរបស់បងប្អូនអាជីវករផ្សារ ស្អាងខាងត្បូងនោះ លោក ញឹម វណ្ឌិន អភិបាលស្រុកស្អាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ នេះថា ផ្សារស្អាងនេះ គឺមានគណកម្មការផ្សារ ដូចប្រសិនមានបញ្ហាអ្វីនោះសូមឱ្យអាជីវករ មកផ្តល់ព័ត៌មានជូនសាលាស្រុក លោកនឹងកោះប្រជុំគណកម្មការដើម្បីដោះស្រាយជូន។ ប៉ុន្តែផ្សារបច្ចប្បន្នអាជីវករលក់ដូរស្រួល ហើយបើមានបញ្ហាតិចតួចផ្នែកបរិស្ថាន គឺយើងជួយសម្អាតទៅវាបានល្អទាំងអស់គ្នា ទៅហើយ៕