(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេនៅកម្ពុជា បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់នៅកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅ Smart Shop សាខាព្រះមុនី្នវង្ស ទៅដល់បុគ្គលិកក្រុមហ៊ុន Smart ភ្ញៀវកិត្ដិយស និង អ្នកសារព័ត៌មានជាច្រើន។

ការបង្ហាញជាលក្ខណៈសាកល្បងនេះ មានឈ្មោះថា 《ជំរុញការអភិវឌ្ឍកម្ពុជា សម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល》 ត្រូវបានចូលរួមជាកិត្តិយសដោយឯកអគ្គរដ្ឋទូត Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករកម្ពុជាទូរគមនាគមន៍កម្ពុជា។

ជាមួយនឹងឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Huawei ដែលប្រើដោយបច្ចេកវិទ្យា 5G លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ជាមួយនិង លោក Stjepan Udovicic, នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata និងឯកអគ្គរដ្ឋទូត បានបង្ហាញអំពីអត្ថប្រយោជន៍ពីការប្រើប្រាស់។

ជាក់ស្ដែងមួយចំនួន ថាតើការតភ្ជាប់បច្ចេកវិទ្យា 5G ដែលផ្ដោតលើ ល្បឿនកម្រិតជីហ្គាបីត ក្នុងមួយវិនាទី (Gbps) និង ការតភ្ជាប់ឧបករណ៍ក្នុងកម្រិតអតិបរមា និងល្បឿនសម្រាប់ការតភ្ជាប់កាន់តែលឿននិងទុកចិត្តបានបំផុត ដែលនឹងធ្វើឲ្យបទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង និងផ្ដល់ជាដំណោះស្រាយទៅដល់កម្មវិធីថ្មីៗជាច្រើន។

ការបង្ហាញសាកល្បងកាលពីថ្ងៃចន្ទ បានសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុន Smart នៅក្នុងវិស័យ បន្ទាប់ពីប្រតិបត្តិករទូរគមនាគមន៍ចល័តមួយនេះ គឺជាអ្នកដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា4G ក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា 4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង 4.5G នៅឆ្នាំដដែល។

លោក Thomas Hundt បានថ្លែងថា «ទិសដៅសំខាន់របស់យើងគឺធ្វើឲ្យកាន់តែប្រសើរឡើង សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈបណ្តាញបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលដ៏ពិសេស ដែលនេះជាមូលហេតុដែលយើងខ្ញុំបាននឹងកំពុងបន្តវិនិយោគជាមធ្យមក្នុងទំហំទឹកប្រាក់ចំនួន៧០ទៅ៨០លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអីុនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងកម្ពុជា»។

លោកបន្តថា «សូមមានជំនឿចិត្តចុះថា យើងខ្ញុំនឹងតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា 4.5G របស់យើងខ្ញុំឲ្យកាន់តែប្រសើរ និងដំណាលគ្នាផងដែរ យើងខ្ញុំក៏ត្រៀមខ្លួនសម្រាប់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសបច្ចេកវិទ្យា 5G»។

ការដាក់បង្ហាញសាកល្បងផ្ទាល់នៃបច្ចេកវិទ្យា 5G នេះ បានបង្ហាញពីលទ្ធភាពជាច្រើន សម្រាប់ពេលអនាគត ដែលអាចតម្រង់ទិសមជ្ឈដ្ឋាននានាជាច្រើន តាមរយៈការផ្លាស់ផ្តូររបៀបនៃការប្រាស្រ័យទាក់ទងគ្នា ពិសេសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ច។

លោក Stjepan បានចែករំលែកថា បច្ចេកវិទ្យា 5G នឹងបង្កើតទំនើបកម្មក្នុងពិភពលោកដែលយើងរស់នៅតាម រយៈ បញ្ញាសិប្បនិម្មិត ឧបករណ៍ស្វ័យប្រវត្តិប្រើដោយអីុនធឺណិត (IoT) ការវិភាគទិន្នន័យធំៗ និងច្រើនទៀត។ ការបង្ហាញករណីប្រើប្រាស់នៅថ្ងៃនេះ គឺគ្រាន់តែជាលទ្ធភាពតិចតួចនៅឡើយចំពោះបច្ចេកវិទ្យា5Gជារួម។

បច្ចេកវិទ្យា 5G នឹងនាំមកនូវអុីនធឺណិត ដែលមានល្បឿនរហូតដល់កម្រិត ជីហ្គាបីត ក្នុងមួយវិនាទី (Gbps) ដែលនេះពិតជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់វីឌេអូ និងការទាញយកឯកសារនិងទិន្នន័យដែលមានទំហំធំៗ កម្រិតនៃការបញ្ជូនទិន្ន័យមានល្បឿនលឿនបំផុត ដែលធានាបាននូវទំនុកចិត្ត និងគុណភាពសម្រាប់ការផ្សាយបន្តផ្ទាល់នានា VR និងការលែងហ្គេម ខណៈពេលដែលការ តភ្ជាប់ឧបករណ៍យ៉ាងច្រើន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនបំផុត។

ជាពិសេសសគឺអាចដោះស្រាយនូវបញ្ហកំណើន នៃចំនួនឧបករណ៍ប្រើប្រាស់អីុនធឺណិតដែលបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុនអន្តរជាតិ ដែលគ្រោងនឹងដាក់ ឲ្យដំណើរការបច្ចេកវិទ្យា 5G នេះ គឺត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាច្រើននាបំណាច់ឆ្នាំនេះ។

ក្នុងនោះផងដែរឃើញថាឧបករណ៍ដែលអាចប្រើបច្ចេកវិទ្យា 5G បាន គឺមានវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗ។ រំពឹងថា ការចាប់ផ្តើមដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តោតជាសំខាន់ដំបូងនៅតាមទីកន្លែងដែលមានអ្នកប្រើប្រាស់ច្រើន (hotspots) នៃបណ្តារាជធានីក្រុងសំខាន់ៗ ក្នុងរយៈពេលពីរបីឆ្នាំដំបូង។

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕