(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អូឡិចសៀ សូវកូបឡាស (Oleksiy Shovkoplias) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំកម្ពុជា។

ពិធីនេះបានប្រារព្ធនៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។

នាឱកាសនោះដែរ អគ្គមេបញ្ជាការ បានលើកឡើងអំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ស្របពេលជាមួយគ្នានោះ អគ្គរដ្ឋទូតអ៊ុយក្រែន ក៏បានលើកសរសើរអំពីស្ថេរភាពនយោបាយនៅកម្ពុជា និងអបអរសាទរចំពោះដំណើរការ នៃការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងបន្តថា «ប្រទេសទាំងពីរ អ៊ុយក្រែន និងកម្ពុជា បានមានទំនាក់ទំនងល្អជាមួយគ្នានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នលើផ្នែកសម្ភារៈយោធា ក៏ដូចជាផ្នែកធនធានមនុស្ស និងបានសំនូមពរឱ្យប្រទេសអ៊ុយក្រែន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អប្រសើរជាងនេះទៅទៀត ទាំងពេលបច្ចុប្បន្ន និងអនាគត»

នៅចុងបញ្ចប់នៃពិធី អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕