(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅអាជ្ញាធរមីន មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យ Central Landcashire of Proston (UClan) នៃចក្រភពអង់គ្លេស ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង Prof. Dr. Darren Ansel, represents Dean Rob Wallace។

ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការនាំមកនូវបច្ចេកវិទ្យាទំនើបពីសាកលវិទ្យាល័យ Central Landcashire of Proston (UClan) នៃចក្រភពអង់គ្លេស ដោយប្រើប្រាស់ដ្រូន (Drone) និង រូប៉ូត (Robot) ដើម្បីស្វែងរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកទេសរដ្ឋមន្ត្រី បានបន្តបញ្ជាក់ថា «បច្ចេកវិទ្យា Drone នឹងជួយពន្លឿនល្បឿន នៃការបោសសម្អាតមីននៅកម្ពុជា និងកាត់បន្ថយនូវហានិភ័យរបស់អ្នកដោះមីនក្នុងពេលប្រតិបត្តិការដោះមីន ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពិការភាពនៅកម្ពុជា»