(ព្រះសីហនុ)៖ ក្រុមការងារ នៃគណៈកម្មការឆ្នេររបស់សាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់ដែលធ្វើទីគ្រោងដែក នៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ ក្រុងព្រះសីហនុ បានចំនួន២កន្លែងផ្សេងពីគ្នា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលលួចសាងសង់ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់នៃតំបន់ឆ្នេរ។

សំណង់នេះបើតាមមន្ត្រីជំនាញបញ្ជាក់ថា កន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់ មិនឲ្យធ្វើការសាងសង់ទេ និងបានទុករយៈពេលឲ្យរុះរើចេញវិញដោយខ្លួនឯងក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់ មិនស្តាប់តាមការណែនាំឡើយ ទើបក្រុមការងារចម្រុះ សម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្រ រុះរើចេញចេញតែម្ដង។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ បានបញ្ជាក់ថា សំណង់រឹងមាំមិនត្រូវបានអនុញ្ញាតឲ្យសាងសង់ លើតំបន់ឆ្នេរនេះបានទេ។ ចំណែកសំណង់ដែលបានសង់ចាស់យូរហើយនោះ ត្រូវរក្សាស្ថានភាពដើមសិន រងចាំចំណាត់ការជាក្រោយស្រមតាមគោលការរបស់ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរកម្ពុជា។

ប្រធានមន្ទីររូបនេះបន្ថែមថា ឆ្នេរអូរត្រេះនេះគ្រោងនឹងរៀបចំជាឆ្នេរគំរូ មួយវិញទៀតឆ្នេរនេះគ្រោង នឹងយកជាកន្លែងធ្វើពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយផង ដូច្នេះខេត្តត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សោភ័ណ្ឌភាពឆ្នេរ ឲ្យបានល្អប្រសើរមិនអាចឲ្យសាងសង់សំណង់ មិនរៀបរយផ្តេសផ្តាសថ្មីទៀតបានទេ។ លោកថា អាចឲ្យសង់ជាប្រភេទតូបស្បូវ ឬខ្យុះសម្រាប់ធ្វើប្រតិបត្តិការទេសចរណ៍ បានស្របតាមការណែនាំពីមន្រ្តីជំនាញ។

ជាមួយគ្នានេះ លោកក៏បានស្នើប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំឆ្នេរនេះឲ្យកាន់តែមានការទាក់ទាញ ភ្ញៀវមកកម្សាន្ដកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត។

ទន្ទឹមនេះដែរ លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ ក៏បានបញ្ជាក់ក្នុងនាមរដ្ឋបាលក្រុង សូមស្នើម្ចាស់តូបទាំងអស់នៅតាមឆ្នេរនេះ ត្រូវរួមសហការជាមួយ អាជ្ញាធរកុំនាំគ្នាលួចសង់សំណង់រឹងមាំខុសច្បាប់លើឆ្នេរទៀត ព្រោះទីនេះរដ្ឋកំពុងរៀបចំជាឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវ មកលេងកម្សាន្ដ មិនអាចបណ្តែតបណ្តោយឲ្យមានការសាងសង់សំណង់គ្រឹះលើឆ្នេរបានទេ៕