(ភ្នំពេញ)៖ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះរួចហើយនោះ នៅពេលនេះ សមត្ថកិច្ចនគរបាលកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ជនខ្លួនបុរសដៃដល់ ដែលវាយស្ត្រីសិចស៊ីលក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង។

នៅថ្ងៃទី០៨ ខែកក្កដាម្សិលមិញ ស្ត្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសនោះ បានដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ដោយសារតែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹងនៅក្នុងបន្ទប់ដេករបស់គាត់។ ស្ត្រីរងគ្រោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សូមជម្រាបថា ស្ត្រីស៊ិចស៊ី Live លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខយ៉ាងដំណំដោយនាងបានអះអាងក្នុង Facebook ថា ត្រូវបុរសជាសង្សារវាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សារនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ៕