(ភ្នំពេញ)៖ រូបសំណាកបញ្ញាវ័ន្ត និងជាថ្នាក់ដឹកនាំចំនួន២រូប របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺលោកសាស្ត្រចារ្យមហាបរិញ្ញា ភឹង តុន និងលោក វ៉ាស៊ឹម សំរិទ្ធ ជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ត្រូវបានសាងសង់ និងដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនសាច់ញាតិរបស់ម្ចាស់រូបសំណាកទាំង២រូប។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានលើកឡើងថា ការកសាងរូបសំណាកអតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញទាំង២រូប គឺសាស្ត្រចារ្យមហាបរិញ្ញា តឹង តុន និងលោក វ៉ាស៊ឹម សំរិទ្ធ នាពេលនេះ ដើម្បីបង្ហាញឲ្យយុវជន និងនិស្សិតជំនាន់ក្រោយបានស្គាល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដើម្បីជាការចងក្រងប្រវត្ថិសាស្រ្តរបស់សាកលវិទ្យាល័យ ឲ្យមានភាពកាន់តែច្បាស់លាស់បន្ថែមទៀត។

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញមួយរូបដែរ បានបន្ថែមថា គោលបំណងមួយទៀតក៏ដើម្បីឆ្លើយតប នឹងការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យមានការដឹងគុណគ្រូ និងមានទិវារំលឹកគុណគ្រូ។

លោកបានបញ្ជាក់ថា ការកសាងរូបសំណាកបញ្ញាវ័ន្ត និងជាថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យនាពេលនេះ ក៏មានការចូលរួមពីនិស្សិត និងកូនសិស្សសាកលវិទ្យាធិការតាំង២រូប និងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមគ្នារៀបចំកម្មវិធី និងសាងសង់រូបសំណាកនេះឡើង។

ការកសាង និងដាក់បង្ហាញនូវរូបសំណាក សាស្ត្រចារ្យមហាបរិញ្ញា ភឹង តុន និងលោក វ៉ាស៊ឹម សំរិទ្ធ ជាការបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់គុណតម្លៃដល់ធនធានមនុស្ស ដែលមានក្នុងអតីតកាលរបស់កម្ពុជា និងដែលបានរួមចំណែកក្នុងការ រំឭកគុណគ្រូ ជាពិសេសថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យជាតិ ដែលមានវ័យចំណាស់ជាងគេរបស់កម្ពុជា។

ចំពោះសាច់ញាតិ និងក្រុមគ្រួសារ របស់ លោក ភឹង តុន និងលោក វ៉ាស៊ឹម សំរិទ្ធ បានលើកឡើងព្រមៗគ្នា ដោយបានថ្លែងអំណរគុណដល់ បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបច្ចុប្បន្ន និងគណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិតទាំងអស់ ដែលបានផ្តួចផ្តើម កសាងរូបសំណាក ថ្នាក់ដឹកនាំរបស់អតីតសាកលវិទ្យាធិការទាំងពីររូប៕