(ភ្នំពេញ)៖ អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ បានបើកសម្ភោធជាផ្លូវការ ជាមួយនឹងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប ត្រូវបានធ្វើឡើងនៅខាងមុខអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ «កសាងសុបិន និងអនាគត»។

ពីធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប រួមជាមួយនឹងសន្និសីទសារព័ត៌មាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោក ប៉ែន សុផល បានសម្តែងការកោតសរសើរ និងវាយតម្លៃយ៉ាងខ្ពស់អំពីសមិទ្ធផលនានា របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងធ្វើការអបអរសាទរ ចំពោះការបើកសម្ពោធនៃអគារពហុមុខងារ ព្រីនស៍ ហូលឌីង គ្រុប។ ក្រោមក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ការវិនិយោគរបស់ចិន នៅប្រទេសកម្ពុជា និងភ្ញៀវបរទេសចិនមកកាន់កម្ពុជាស្ថិតនៅលំដាប់ទី១ ហើយសង្ឃឹមថានៅពេលអនាគត ក្រុមហ៊ុនចិនកាន់តែច្រើនថែមទៀត នឹងមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។

លោក ប៉ែន សុផល បានបញ្ជាក់ទៀតថា ក្នុងរយៈពេលបួនឆ្នាំកន្លងមក អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្តេជ្ញាចិត្តផ្ដល់ជាជំនួយក្នុងវិស័យសប្បុរសធម៌ លើកកម្ពស់ទំនួលខុសត្រូវរបស់ក្រុមហ៊ុន ដោយផ្តោតលើការឧបត្ថម្ភ ដល់កុមារគ្មានលទ្ធភាពបន្តការសិក្សា ជនពិការមនុស្សចាស់ ការអភិវឌ្ឍទីក្រុង ការអប់រំភាសាចិន ការការពារបរិស្ថាន និងវិស័យជាច្រើនផ្សេងទៀត ដែលបានឧបត្ថម្ភជាថវិកាសរុបលើសពី ៦លានដុល្លារអាមេរិក និងជួយដល់ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់។

អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមិនត្រឹមតែផ្តល់នូវឱកាសការងារ ជាច្រើនសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច នៅប្រទេសកម្ពុជាផងដែរ។ ការតបស្នងទៅកាន់សង្គមកម្ពុជា បង្ហាញពីទំនួលខុសត្រូវនៃក្រុមហ៊ុនលក្ខណៈគំរូផងដែរ ហើយការបើកសម្ពោធនៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ជានិមិត្តសញ្ញានៃការបោះជំហានយ៉ាងរឹងមាំ ក្នុងដំណើរការកសាងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ និងជាស្នាដៃដ៏គួរឲ្យកត់សម្គាល់មួយ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

លោក LI MIN នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងដែរថា ជាមួយនឹងទស្សនច្នៃប្រឌិត និងផលិតផលប្រកបដោយគុណភាព ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែនាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គម្រោងដែលសាងសង់រួចរាល់ចំនួន ៨ គម្រោងកំពុងសាងសង់ចំនួន ៧ គម្រោងស្ថិតក្នុងផែនការចំនួន៧ និងគម្រោងទិញយកចំនួន២។ ក្រុមហ៊ុនក៏បានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ លើវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

លោក LI MIN បានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ក្រុមហ៊ុន ដែលបង្កើតបានជាគំរូពាណិជ្ជកម្ម ដែលជាខ្សែសង្វាក់ផលិតកម្មនៃវិស័យអចលទ្រព្យ ដោយយករាជធានីភ្នំពេញជាតំបន់យុទ្ធសាស្ត្រស្នូល និងយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងពង្រីកវិសាលភាពអាជីវកម្មទៅកាន់ខេត្តក្រុងចំនួន១៦ ទៀតដែលរួមមានខេត្តកំពត ខេត្តកែប និងខេត្តប៉ោយប៉ែតជាដើម ដោយគ្របដណ្តប់លើផ្ទៃដីចំនួន ៨០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ លើសពីនេះទៀតនោះ ក្រុមហ៊ុននឹងចាក់ឬសទៅកាន់ប្រទេសចំនួន៤ ឬ ៥ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសម្រេចឲ្យបាននូវក្របខណ្ឌគុណវឌ្ឍិនៃការចុះបញ្ជី លើផ្សារមូលបត្រយ៉ាងតិចណាស់ ១០ ទៅ ២០គម្រោងពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងគោលដៅអត្រានគរូបនីយកម្ម ៤០% នៃព្រះរាជាណាចក្រកម្ពុជា។

លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា អគារពហុមុខងារព្រីនស៍ ហូលឌីង គ្រុប គឺជាអគារការិយាល័យស្ដង់ដារលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ ៧០លានដុល្លារ ដែលមានទំហំសរុប ២៤,៨00 ម៉ែត្រការ៉េ។ ក្នុងនាមជានិមិត្តសញ្ញាថ្មីនៃទីក្រុងអគារពហុមុខងារព្រីនស៍ ហូលឌីង គ្រុប បានរួមបញ្ចូលមុខងារជាច្រើនដូចជា ការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំការិយាល័យលក់ និងមុខងារផ្សេងៗជាច្រើនទៀត។

លោក QIU GUOXING បានបន្ថែមថា អគារនេះមិនត្រឹមតែមានមុខងារជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទីតាំងដ៏ធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ។ លើសពីនេះទៅទៀត អគារពហុមុខងារ ព្រីនស៍ ហូល ឌីង គ្រុបបានផ្តល់នូវវេទិកាមួយ សម្រាប់ធ្វើឲ្យប្រសើរឡើងនូវរូបភាពរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសម្រាប់បង្ហាញពីវប្បធម៌របស់ក្រុមហ៊ុនផងដែរ៕