(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្ដិការបង្ក្រាបការជូញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់បានជនសង្ស័យចំនួន ៣នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងវត្ថុតាងមួយចំនួន។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ២ បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម២ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យទី១៖ ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ស្រុកកំណើត ក្រុម២ ភូមិ១ សង្កាត់២ ក្រុង/ខេត្ត ព្រះសីហនុ និងទី២៖ ឈ្មោះ ណែម ស្រីម៉ៅ ភេទស្រី អាយុ ២០ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ស្រុកកំណើត ក្រុម២ ភូមិ១ សង្កាត់២ ក្រុង/ខេត្ត ព្រះសីហនុ។ វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន១១ កញ្ចប់តូច, ទូរស័ព្ទ២គ្រឿង។

ដោយឡែក ករណីមួយទៀត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្រោយ ចំណតរថយន្តផ្សារលើ ស្ថិតក្នុង ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សេង ធារី ភេទស្រី ជនជាតិខ្មែរ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងទៀតថា ក្នុងនោះ ដកហូតបានវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ), ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕