(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំ និងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែង នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះដែរ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ វ៉ែន សាយ មេបញ្ជាការកងពល៥១ តំបន់ប្រតិបិត្តការសឹករងខេត្តបន្ទាយមានជ័យ កងការពារព្រំដែនលេខ៥០៣ លោកអភិបាលស្រុកថ្មពួក និងលោកមេបញ្ជការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការវរសេនាតូចទាំង៤ ចំណុះកងពល៥១ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីសរុបរួមចំនួន ២២៤នាក់។

លោកឧត្តមសេនីយ៍ សេង ធារិន បានថ្លែងកោតសរសើរ ដល់សិក្ខាកាមដែលបានខិតខំសិក្សារៀនសូត្រគោរពវិន័យ រហូតដល់ចប់វគ្គនាពេលនេះ ហើយវគ្គនេះនៅពេលខាងមុខ សហការជាមួយសិក្ខាកាមវគ្គកាំភ្លើងត្បាល់ដេកាហ្សិត ធ្វើយុទ្ធដំណើរទ័ពរួមគ្នា បាញ់គ្រាប់ពិតនៅទីលានមរតតេជោ ភ្នំវាលចាបផងដែរ។

ក្រៅពីនោះសិក្ខាកាមគ្រប់រូប ក្រោយពីការបញ្ចប់វគ្គហ្វឹកហ្វឺន ក៏ដោយនៅតែបន្តសកម្មភាពជួយប្រជាពលរដ្ឋ ជួយយ៉ាងសកម្មពេលប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ សម្អាតបរិស្ថាន ជានិច្ច ហើយក្នុងផែនការកងពលតូចថ្មើរជើងលេខ៥១ កម្លាំងនេះក៏ជាផ្នែកមួយសម្រាប់ត្រៀមចល័តអន្តរាគមន៍របស់ថ្នាក់លើផងដែរ៕