(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយលោក លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងប្រគល់ផ្ទះសប្បុរសធម៌ទី៥ ដែលជាជំនួយឧបត្ថម្ភរបស់លោក និងសប្បុរសជន ជូនលោកយាយ វ៉ា អេង ព្រះជន្ម៨៥ឆ្នាំ នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ដែលបានជួបប្រទះ ការលំបាកជីវភាព ខ្វះទីជម្រកស្នាក់នៅ និងគ្មានទីពឹង។

នៅក្នុងឱកាសនោះផងដែរ លោក វេង សាខុន ក៏បាននាំយកនូវអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវសម្ភារប្រើប្រាស់ គ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាជនចំនួន១១គ្រួសារ រស់នៅក្នុងភូមិ ដែលកំពុងជួបភាពខ្វះខាត។ ទន្ទឹមនឹងនេះ លោកប្រធាន និងសហការី បានហូបនំបញ្ចុកសាមគ្គីសម្តេចតេជោ ជាមួយប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាលផងដែរ។

ការចុះជួបសំណេះសំណាល និងប្រគល់ផ្ទះសប្បុរសធម៌ទី៥ ខាងលើនេះ ធ្វើឡើងស្របពេល ក្នុងដំណើរឆ្ពោះទៅចូលរួមការរៀបចំប្រារព្ធព្រះរាជពិធីរុក្ខទិវា និងទទួលស្វាគមន៍ ព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះនឹងយាងចូលរួម ជាព្រះរាជអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៕