(កណ្ដាល-ស្វាយរៀង)៖ ករណីឃាតកម្មសម្លាប់ប្លន់យករថយន្ដ ពីអ្នកបើករថយន្ដតាក់ស៊ី ហើយយកសពទៅផ្លុងចោល នៅតាមបណ្ដោយផ្លូវជាតិលេខ៨ (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវកម្លាំងកងរាជអាវុធហត្ថ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនដៃដល់៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ រហូតដល់ខេត្តស្វាយរៀង។

របាយការណ៍អាវុធហត្ថខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១០៩នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមជម្រាបថា ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ នៅវេលាម៉ោង០៨៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសពតាមរយៈប្រកាសផ្សាយព័ត៌មាន (ភិនភាគ និងសម្លៀកបំពាក់សព) គឺរកឃើញថា៖ ជនរងគ្រោះមានឈ្មោះ មឿក សុភណ្ឌ័ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រថយន្តជនរងគ្រោះដែលក្រុមជនសង្ស័យយកទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ដោយឡែក នៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិ ឃុំបានធ្វើការត្រួតពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យ លើសាកសព គឺ៖ មានខ្សែភ្លើងពណ៌លឿង ប្រវែង២,៦៤ម៉ែត្រ ចងកដៃទាំងសងខាង ចំនួន៣ជុំ និងមានខ្សែក្រវ៉ាត់ប្រវែង១.០៩ម៉ែត្រ។ តាមការសន្និដ្ឋាន គឺជាករណីឃាតកម្ម សាកសពសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីកម្លាំងជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ទើបឈានកំណត់បានមុខសញ្ញាជនសង្ស័យ ហើយបានធ្វើការពន្លាតដែនដីសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ស្តីទីអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

រហូតបង្រ្កាបជាក់ស្តែងកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក០៤នាក់ នៅយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនដៃដល់ទី១៖ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង, ទី២៖ឈ្មោះ ម៉ី សារិ ហៅអាគិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣៖ឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័ទាំងបីនាក់ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់មនុស្សប្លន់យករថយន្ត កាលពីវេលាម៉ោង០១៖៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦A ម្តុំស្ពានលេខ២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ហើយបានយកសាកសពទៅចោល នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងយករថយន្តជនរងគ្រោះទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនាំគ្នារត់គេចខ្លួន មកក្រុងបាវិត ខេត្តស្វាយរៀង ពិតប្រាកដមែន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AS-3209 (ផ្លាកលេខដោះចេញ), កាំបិតបុ័ងតោ០១, ទូរស័ព្ទ០៣គ្រឿង, កាបូបស្ពាយ០១, ខោខូវបោយជើងវែង០១, អាវយឺត០៥, ខ្សែក្រវ៉ាត់០១ និងខ្សែភ្លើង ព្រមទាំងសម្ភារមួយចំនួនទៀត។ សម្រាប់រថយន្តរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថ ប្រគល់ជូនសាច់ញាតិជនរងគ្រោះរួចហើយ។

បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យដៃដល់ទាំង៣នាក់នេះ ត្រូវបានអាវុធហត្ថខេត្តកណ្ដាល ដែលជាម្ចាស់ករណីបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្ដនីតិវិធី ហើយនៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ តុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ៕