(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ហើយនោះ ព្រឹទ្ធសភា បានសម្រេចយកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងការបន្តសម័យប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៥ ដែលបានអនុម័តដោយរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជារបៀបវារៈ នៃសម័យប្រជុំព្រឹទ្ធសភា ខាងមុខនេះរួមមាន៖

១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក។

២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក រឺញូវេបិលឯ.ក។

៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នើថោក ខូ អិលធីឌី។

៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការ
អនុញ្ញាត ។

៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕