(ព្រះសីហនុ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបន្ដ​បំពាក់មេដាយ ជូនកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន១៥៧នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះក្នុងករណីការបាក់រលំអគារ៧ជាន់។

ក្នុងឱកាសនេះ ក្រៅពីបានថ្លែងនូវការកត់សម្គាល់ពីការចូលរួមរបស់កងកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យមន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋប្រកបដោយភាពទន់ភ្លន់ និងអត់ធ្មត់ខ្ពស់ បំផុត។

ទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្រុងព្រះសីហនុ ជាទីក្រុងដែលកំពុងមានការអភិវឌ្ឍខ្លាំង ដូច្នេះបញ្ហាជាច្រើននឹងត្រូវកើតមានឡើង ជាពិសេសបញ្ហាសំណង់ ដែលទាមទារឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះគុណភាពសំណង់ ដើម្បីជាការបញ្ចៀសបញ្ហា នៃការបាក់រលំកង្ករជាសោកនាដកម្មជាថ្មីទៀត។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម ជួសមុខឲ្យសម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះក្រុមអ្នកជួយសង្គ្រោះទាំងអស់ ដែលធ្វើការសាមគ្គីយ៉ាងមុះមុតបំផុត ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍រលំអគារនេះ ហើយបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ លោកទេសរដ្ឋមន្ត្រី ចាត់ទុកកាយវិការនេះ គឺជាស្មារតីនៃការរួបរួម ស្មារតីនៃការទទួលខុសត្រូវខ្ពស់បំផុតរបស់កងកម្លាំង។

សូមរំលឹកថា អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់សម្រេចបានប្រមាណ ៧០ ទៅ៨០% ជាប្រភេទសំណង់ឆ្អឹងដែក ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទទួលសាងសង់ដោយក្រុមហ៊ុនមួយរបស់ចិន បានបាក់រលំកាលពីម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បណ្តាលឱ្យកម្មករសម្រាកនៅក្នុងអគារ ស្លាប់២៨នាក់ (ស្រី៤) និងរបួសចំនួន២៦នាក់ (ស្រី២)។

ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះពីក្រោមគំនរអគារ បានប្រើប្រាស់កម្លាំងមកពីគ្រប់ផ្នែកទាំងកងទ័ព ទាំងផ្នែកឯកជនសរុបជាង ១៧០០នាក់។ ការរុករកជនរងគ្រោះបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃកន្លះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់។

ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះកិច្ចប្រឹងប្រែងរបស់កម្លាំងសង្គ្រោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់មេដាយជូនពួកគេ ហើយបានឧបត្ថម្ភជាថវិកាលើកទឹកចិត្តផងដែរ។ ក្នុងនោះកម្លាំងសង្គ្រោះជានារីទទួលបានក្នុងមួយនាក់ ៣០០ដុល្លារ និងកម្លាំងសង្គ្រោះជាបុរសទទួលបានក្នុងមួយនាក់ ២០០ដុល្លារអាមេរិក៕