(ត្បូងឃ្មុំ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានដឹកនាំក្រុមការងារ ដាំកូនឈើប្រណីតចំនួន២០០ដើម និងចែកសម្ភារសិក្សា នៅសាលាបឋមសិក្សា «ខ្ជាយ» ស្ថិតនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមអបអរសាទរ «រុក្ខាទិវា ៩ កក្កដា» ខាងមុខនេះ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនោះ លោក មែ ស៊ីថុន បានបញ្ជាក់ថា នេះជាលើកទីពីរ ដែលសមាគម បានមកដល់ខេត្តត្បូងឃ្មុំ ហើយលើកនេះ សមាគមបានសហការជាមួយលោក ចាស្ទីន តំណាងបងប្អូនខ្មែររស់នៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ដើម្បីចែកសម្ភារសិក្សាដល់ក្មួយៗសិស្សានុសិស្សចំនួន៥៦៤នាក់ និងជូនកាដូដល់លោកគ្រូអ្នកគ្រូ និងលោកពូអ្នកមីង ដែលជាអាជ្ញាធរមូលដ្ឋាន។

លោកថា «សម្រាប់កម្មវិធីថ្ងៃនេះ ដើម្បីចូលរួមអបអរសាទរ «រុក្ខាទិវា ៩ កក្កដា» ខាងមុខនេះ សមាគម ក៏បាននាំយកនូវកូនឈើចំនួន២០០ដើម រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ដាំក្នុងទីធ្លា សាលាបឋមសិក្សា ខ្ជាយ ដែលមានកូនឈើបេង ចំនួន១០០ដើម កូនឈើគ្រញូង ចំនួន១០០ដើម ក្រោមប្រធានបទ «ដើមឈើមួយ ជីវិតមួយ» រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង»

លោកបន្ដទៀតថា គោលបំណងរបស់សមាគមនៅថ្ងៃនេះ គឺចង់ឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ស្រលាញ់ការរៀនសូត្រ យកចិត្តទុកដាក់ការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ ដល់សង្គម ដែលសង្គមកម្ពុជា យើងមានចំពោះក្មួយៗ។ ជាងនេះទៅទៀត ក៏ចង់ឲ្យក្មួយៗទាំងអស់ស្រលាញ់ធម្មជាតិ ថែរក្សាព្រៃឈើ និងបំផុសឲ្យប្រជាជន ចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើងទាំងអស់គ្នា។

ជាមួយគ្នានោះ លោក មែ ស៊ីថុន ក៏បានលើកឡើងថា លោកគ្រូ អ្នកគ្រូ លោកពូអ្នកមីង និងក្មួយៗទាំងអស់ជាទីស្រលាញ់ ការជួយជ្រោមជ្រែងលើកស្ទួយ វិស័យអប់រំ ថែរក្សា និងចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើង ទោះដោយប្រយោល ឬផ្ទាល់ក្តី គឺជាមោទនភាព និងជាគម្រូល្អពិតៗ សម្រាប់មនុស្សជំនាន់ក្រោយ និងប្រទេសជាតិយើង។

ប្រធានសមាគមរូបនេះ បានបន្ថែមថា តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនអាចភ្លេចប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត សង្គ្រាមនាំមកនូវក្តីវិនាសអន្តរាយ ព្រាត់ប្រាស់បងប្អូន ឪពុកម្តាយមិនស្គាល់កូន កូនមិនស្គាល់ឪពុកម្តាយ បាត់បង់នូវសាសនា ស្គាល់តែភាពអត់ឃ្លាន និងទឹកភ្នែករាល់ថ្ងៃ។

«ដូច្នោះ អ្វីដែលបានផ្តល់ឱកាសឲ្យខ្ញុំ និងក្រុមការងារទាំងអស់ បានមកជួបជុំលោកគ្រូអ្នកគ្រូ លោកពូអ្នមីង និងក្មួយៗទាំងអស់នៅថ្ងៃនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព សេរីភាព ដែលយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា និងការពារសន្តិភាពមួយនេះឲ្យគង់វង្សជារៀងរហូត»។ នេះជាការបញ្ជាក់បន្ថែម របស់លោក មែ ស៊ីថុន។

លោក មែ ស៊ីថុន បានឲ្យដឹងទៀតថា ពិតណាស់ សន្តិភាពមិនមែនបានមកដោយងាយស្រួលនោះទេ គឺយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ និងការពាលីដ៏ធំធេងរបស់វីរជនខ្មែរ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិភាព និងពង្រឹងពង្រីកការអភិវឌ្ឍប្រទេស លើគ្រប់វិស័យប្រកបដោយយុទ្ធសាស្ត្រ និងទស្សនៈវែងឆ្ងាយ។

សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិតដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕