(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសំណូមពរព្រះសង្ឃ ឱ្យជួយផ្សព្វផ្សាយ បញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន ខណៈពេលសម្ដែងធម្មទេសនា ដើម្បីជួយទប់ស្កាត់នូវបញ្ហាគ្រឿងញៀននេះ។

លោកអភិបាលខេត្ត បានថ្លែងសំណូមពរដូច្នេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលនាំទេយ្យទានគ្រឿងឧបភោគ បរិភោគទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា សរុប៤វត្ត ធ្វើនៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម មកដល់បច្ចុប្បន្ននេះ ជាពិសេសគឺក្រុមឈ្មួញ មានការទាក់ទាញទៅលើយុវជន។ តាមលោកអភិបាលខេត្ត បច្ចុប្បន្ននៅតាមសាលារៀន មុនពេលចាប់ផ្ដើមសិក្សា គឺលោកគ្រូ អ្នកគ្រូបានយករយៈពេល ១០នាទី ដើម្បីផ្សព្វផ្សាយ បញ្ហាគ្រោះថ្នាក់ នៃគ្រឿងញៀននេះ ក្នុងគោលបំណងដើម្បីបញ្ចៀស ការចរាចរ និងការសេពគ្រឿងញៀន។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ សូមមេត្តាចូលរួមសហការរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ នៅក្នុងករណីបានជួបប្រទះ ការចែកចាយ ឬក៏ករណីសេពគ្រឿងញៀន ព្រោះធ្វើដូច្នេះ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការ បង្ក្រាបទៅលើជនល្មើសទាំងនោះផងដែរ ដើម្បីទប់ស្កាត់ បានទាន់ពេលវេលា ការគ្រោះថ្នាក់នៃគ្រឿងញៀន ដល់កូនចៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រសិនបើមានកូនចៅ ដែលប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី ក៏សូមរាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការយកពួកគាត់មកសង្គ្រោះបឋម នៅតាមមណ្ឌលសុខាភិបាល ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រការដែលមានយុវជនប្រើប្រាស់គ្រឿងញៀនច្រើន អាចបណ្ដាលឱ្យមាន ការចេះឥទ្ធិពលមិនល្អ ក្នុងសង្គម ដូចជាអំពើចោរកម្ម និងអំពើហិង្សា៕