(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទស្សនៈសម្ដេចតេជោ ហ៊ុន សែន ដែលបាននំានំបញ្ចុកខ្មែរ ដោយផ្ដល់វត្ដមានក្នុងនាមអាហារខ្មែរ នៅក្នុងវេទិកាអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៩នេះ ដើម្បីឲ្យថ្នាក់ដឹកនំាអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាបណ្ដាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក បានពិសានិងភ្លក់រសជាតិនំបញ្ចុកខ្មែរនេះ គឺពិតជាបង្ហាញពីមោទនភាពអាហារខ្មែរ ជាស្រុកដែលមានអារ្យធម៌ វប្បធម៌ខ្ពង់ខ្ពស់ រុងរឿងជាយូរយារមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

មានន័យថាចំពោះវត្ដមាននំបញ្ចុកខ្មែរនៅក្នុងវេទិកា WTO នេះ គឺពិតជាបង្ហាញពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង ពីព្រោះខ្មែរយើង គឺប្រពៃណីនិងនំបញ្ចុកនៅជាមួយគ្នា មានខ្មែរគឺមាននំបញ្ចុក គឺខ្មែរនៅត្រង់ណានំបញ្ចុកនៅត្រង់នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះចំពោះវត្ដមាននំបញ្ចុកខ្មែរ នៅក្នុងវេទិកា WTO នេះ គឺបង្ហាញពីប្រពៃណីខ្មែរតំាងពីដើមរៀងមក។ ពីព្រោះខ្មែរ បានឲ្យតម្លៃខ្លំាងណាស់ចំពោះនំបញ្ចុកនេះ ដោយមិនខុសពីបទចម្រៀងបុរាណខ្មែរ ដែលតែងភ្ជាប់ជីវភាពខ្មែរ ដែលទាក់ទងទៅនឹងអ្នកលក់នំបញ្ចុក គឺជាការឲ្យតម្លៃខ្លំាងទៅលើផ្នែកសេដ្ឋកិច្ចផងដែរ។

បើនិយាយពីរសជាតិនំបញ្ចុកនេះវិញ គឺជាផ្នែកមួយនៃចំណីអាហារខ្មែរ ដោយផ្សំពីម្យ៉ៅអង្ករខ្សាយ មានឱជារសឈ្ងុយឆ្ងាញ់ ដែលអាចបរិភោគជំនួសបាយបានមួយពេល ឬមួយថ្ងៃ ហើយមានប្រជាប្រិយបំផុតក្នុងចំណោមបណ្ដានំផ្សេងៗទៀត។ ពីព្រោះគ្រឿងផ្សំមានច្រើនរសជាតិជាអាទិ៍៖ មានឱជារសប្រៃ ជូរ ផ្អែម ហិរ ជាដើម។ ដោយរសជាតិទំាងនេះ គេអាចផ្សំធាតុណាមួយ និងធាតុណាមួយទៀតបានទំាងអស់ ឬផ្សំលាយច្របល់គ្នា ឬចំរុះគ្នាក៏បាន ដែរផ្ទុយពីអាហារអឺរ៉ុប ដែលគេដករសជាតិប្រៃ ជូរ ហិរ ផ្អែម ចេញពីគ្នា។ បើហេតុនេះចំពោះអាហារខ្មែរនិងអឺរ៉ុប គឺពុំដូចគ្នាទេ៕