(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាខេមបូឌាអ៊ែរវ៉េ (Cambodia Airways) បានប្រកាសជាផ្លូវការថា លោក លី វ៉ាហេត និងអ្នកនាង សុខ សុម៉ាវត្តីគឺ ជាទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុន។ ការប្រកាសនេះត្រូវ​បានធ្វើឡើ​ង​ក្នុ​ងសន្និសី​ទសារព័ត៌​មានមួយ នៅឯផ្សារទំនើប Ae​on ភ្នំពេញ ក្រោមការ ចូលរួម​ពីសំណាក់ថ្នាក់ដឹកនាំរបស់អាកា​​សចរណ៍ Cambodia Airways និងរបស់​ក្លឹបបាល់ទាត់បឹ​ងកេត ព្រមទាំង​ភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាថ្ងៃសៅរ៍នេះ។

ក្នុងកម្មវិធីខាងលើ នាយកផ្នែកពាណិជ្ជកម្មរបស់ ខេមបូឌាអ៊ែរវ៉េ គឺ លោក Lucian Hsing បានថ្លែងកោតសរសើរ លោក វ៉ាហេត ថាជាបុគ្គលដែលពោរពេញដោយសក្តានុពល និងជាតារា​សម្តែងវ័យក្មេ​ងដែលនឹងទ​ទួលជោគជ័យខ្ព​ស់ ហើយរូបភាពវិជ្ជ​មានរបស់លោ​ក គឺស័ក្តិសមបំផុតសម្រា​ប់មុខមាត់របស់ ខេមបូឌា​អ៊ែរវ៉េ។ លោក L​ucian បានបន្តថា ក្នុងនាមជាកីឡាករបា​ល់ទាត់ម្នាក់ លោក វ៉ាហេត ក៏បានបង្ហាញឥរិយាបថឥតរុញរា ដើម្បីជម្នះរាល់ឧបសគ្គនានា ដែលជាកត្តាធ្វើឲ្យរូបលោក ក្លាយជាបុគ្គលគំរូពិតប្រាកដម្នាក់ សម្រាប់អ្នកគាំទ្រដ៏ច្រើនរបស់លោក។

សម្រាប់អ្នកនាង សុម៉ាវត្តី វិញ លោក Lucian Hsing បាននិយាយថា អ្នកនាងស័ក្តិសមបំផុតសម្រាប់ស្មារតីដែលប្រកាន់យកនូវភាព ទាក់ទាញ ទំនើប និងប្រណិតរបស់អាកាសចរណ៍ Cambodia Airways ហើយភាគីទាំងពីរក៏មានក្តីប្រាថ្នារួមគ្នាចង់លើកកម្ពស់ មុខមាត់ប្រទេសកម្ពុជា ព្រមទាំងវប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ជាមួយគ្នានេះ លោក Lucian បានបង្ហាញក្តីសង្ឃឹម ថា កិច្ចសហប្រតិបត្តិការរវាង ខេមបូឌាអ៊ែរវ៉េ ជាមួយលោក លី វ៉ាហេត និងអ្នកនាង សុខ សុម៉ាវត្តី នឹងទទួលបានលទ្ធផល យ៉ាងប្រសើរ ខណៈអ្នកទាំងពីរបានប្តេជ្ញាថា នឹងបំពេញតួនាទីនេះឲ្យអស់ពីសមត្ថភាព។

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ នឹងអបអរខួបមួយឆ្នាំនៃការចាប់ផ្តើម​ធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងខែកក្កដានេះ ដោយអ្នកដំណើរទាំងអស់ ដែលសម្រេចជ្រើសរើសកា​រធ្វើដំ​ណើរ​តាម ខេមបូឌាអ៊ែរវ៉េ ក្នុងខែនេះ នឹងមានឱកាសចូលរួមឈ្នះរង្វាន់ពិសេសមួយ។ ជាចុងក្រោយលោក Lucian បានសង្កត់ធ្ងន់ថា អាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ នឹងបន្តអភិវឌ្ឍន៍ខ្លួន ​ឲ្យកាន់តែប្រសើរថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ រួមមានការបង្កើនគុណភាពសេវាកម្ម ការផ្តល់សេវាកម្មដែលប្រកបដោយស្តង់ដាខ្ពស់ដល់អ្នកដំណើរ និងការធានាសុវត្ថិភាពធ្វើដំណើរ ក៏ដូចជាការផ្តល់បទពិសោធន៍ ធ្វើដំណើរគួរជាទីគាប់ចិត្ត៕