(ភ្នំពេញ)៖ កម្មសិទ្ធិឯកជននៅក្នុងប្រទេសកម្ពុជា ទើបតែត្រូវបាន​ទទួលស្គា​ល់​ជាបណ្ដើរៗ ក្នុងកំឡុងឆ្នាំ១៩៨៩និងក្រោយមកទៀត​កាន់តែមានលក្ខណៈទូលំទូលាយច្រើន ពេលដែល​ច្បាប់ភូមិ​បាល​ឆ្នាំ​២០០១ ត្រូវបាន​អនុម័ត​ដាក់ឲ្យប្រើប្រាស់។ ច្បាប់ភូមិបានបានកំណត់ច្បាស់លាស់អំពីលក្ខណៈ នៃកម្មសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិទ្ធិមួយ​ចំនួ​នទៀត​របស់​អ្នក ដែល​នឹងក្លាយ​ជាកម្មសិទ្ធិ​ករ។

លើសពីនេះពេលដែល ក្រមរដ្ឋប្បវេណីត្រូវបាន ដាក់ឲ្យប្រើប្រាស់ បញ្ញត្តិពាក់ព័ន្ធ​នឹងសិ​ទ្ធិលើ​កម្មសិទ្ធិ នៅកម្ពុជាកា​ន់តែមានភាពច្បាស់លាស់ហើយលក្ខណៈ នៃកម្មសិទ្ធិមួយ​ចំនួនទៀ​តក៏​កាន់តែ មានភាពល្អ​ប្រសើរដ​ល់អ្ន​កដែលនឹង ទទួ​លបានសិទ្ធិ​ជាកម្មសិទ្ធិករ។

ដើម្បីជ្រាបកាន់តែច្បាស់​ កម្មវិធីយ​ល់ដឹងផ្នែកច្បាប់របស់អង្គភាពព័​ត៌មាន Fresh News សហ​ការជាមួយក្រុមមេធាវី​កម្ពុជាស​ហ​ប្រតិបត្តិការ​អន្តរជាតិសប្ដាហ៍នេះ សូមលើក​យកប្រ​ធានបទ «សិទ្ធិលើកម្មសិទ្ធិ» មកធ្វើការ​បកស្រាយ ជូនបងប្អូន​ប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្ស និស្សិត ថាតើអ្វីទៅ​ជាកម្មសិទ្ធិ ហើយ​កម្មសិទ្ធិករ​មានសិទ្ធិក​ម្រិត​ណាចំ​ពោះទ្រព្យ​របស់ខ្លួន?

កម្មសិទ្ធិសំដៅដល់សិទ្ធិពេញលេញ ជាម្ចាស់​លើទ្រព្យ​ដែលមិនមែន សំ​ដៅតែដីធ្លី​ប៉ុណ្ណោះទេ គឺសំ​ដៅទៅ​លើប្រភេទវ​ត្ថុទាំងអស់ ទាំងច​លនវត្ថុ និ​ងអចលនវត្ថុ។ កម្មសិទ្ធិ​អាចរាប់​បញ្ចូល​ទាំងសិ​ទ្ធិប្រើ​ប្រាស់ សិទ្ធិអា​ស្រ័យផល និងសិទ្ធិចាត់ចែងលើ​វត្ថុទាំងនេះ។

តាមផ្លូវច្បាប់កម្មសិទ្ធិកើតចេញពីការកាន់កាប់ស្របច្បាប់ ឬការបានម​កតាមផ្លូវច្បា​ប់ដូចជា​តាមរយៈការទិញការ​ដូរ ឬការឲ្យ​ ដែលស្រ​បតាមច្បាប់។ ការបានមក​នូវទ្រព្យណាមួ​យដែល​មិន​ស្របតាម​ច្បាប់ គឺមិន​អាចកើត​ជាកម្ម​សិទ្ធិទេ។

ជាទូទៅច្បាប់កំណត់អំពីលក្ខណៈនៃការទិញ ការដូរឬការឲ្យ ដែលស្របច្បាប់ក្នុងគោលបំណងការពារអ្នកផលិត អ្នកទិញ អ្នកដូរ ឬអ្នកឲ្យ។ ឧទាហរណ៍ អ្នកបាន​ទិញដីពី​គេ ដែលមា​ន​ប័​ណ្ណកម្ម​សិទ្ធិ​ស្រ​បច្បាប់​លើដីនោះ​។

ជាទូទៅនៅពេលដែលបុគ្គលណាមួយ មានឈ្មោះ​ជាម្ចា​ស់កម្មសិទ្ធិលើទ្រ​ព្យណា​មួយនោះ វាក៏​បង្កើតបាននូវ​សិទ្ធិជាម្ចាស់កម្មសិទ្ធិ នោះដល់កម្ម​សិទ្ធិករផងដែ​រ។ តាម​ន័យច្បាប់ សិទ្ធិគឺជា​អំណាច​តាមផ្លូវច្បាប់ ដើម្បីធ្វើ​សកម្មភាព ប្រើប្រាស់ អាស្រ័យផល និងចាត់ចែង​លើទ្រព្យ​ដែលជា​កម្មសិទ្ធិ​នោះ។

ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិ​លើដីគឺជា​អំ​ណាចតា​មផ្លូវច្បាប់​ក្នុងការប្រើ​ប្រាស់ អាស្រ័យផល ចាត់ចែង​លើដី​ដែលជាកម្ម​សិទ្ធិ​ នោះពេញលេញស្រ​បតាមច្បាប់ ឬអាចនិយាយថា ជាសិទ្ធិពេញលេញតា​មផ្លូវច្បាប់ជាម្ចាស់នៃទ្រព្យ។ ម៉្យាងទៀ​តសិទ្ធិជាម្ចាស់កម្មសិទ្ធិ​លើអចលនវត្ថុមួយ ត្រូវបានទទួលស្គាល់ក្នុង​មាត្រា៤៤ នៃរដ្ឋធ​ម្មនុញ្ញនៃព្រះរាជា​ណាចក្រកម្ពុ​ជា ដែលជាច្បាប់កំ​ពូល​របស់ប្រទេស។

មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបា​នចែង​ថា៖ ជន​ណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុ​គ្គល ឬនីតិបុគ្គលដែ​លមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមកា​រ​គាំពារនៃច្បាប់។ ដែលនឹង​ដកហូតកម្មសិទ្ធិពី ជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើក្នុងករណីដែ​លច្បាប់បាន​បញ្ញ​ត្តិទុក ហើយត្រូវផ្ដល់​សំណងជា​មុ​នដោយស​មរម្យ និងយុត្តិធម៌។

ជាទូទៅទម្រង់នៃកម្មសិទ្ធិត្រូវបានបែងចែកជាច្រើនប្រភេទ ដែលមានដូចខាងក្រោម៖

១. កម្មសិទ្ធិឯកជន៖ សំដៅលើសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុទូទៅ ជាម្ចាស់កម្មសិទ្ធិពេញលេញ តាមផ្លូវច្បាប់ (កម្មសិទ្ធិករ) ដែលស្ដែងឡើងតាមរយៈប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុនោះ។ កម្មសិទ្ធិករមានសិទ្ធិប្រើប្រាស់ អាស្រ័​យផល និងចាត់ចែងទ្រ​ព្យរបស់ខ្លួន​ផ្ដាច់មុខ និងទូលំ​ទូលាយ លើកលែងតែកម្ម​សិទ្ធិករប្រើ​ប្រាស់ទ្រព្យ​ដើម្បីព្យាបា​ទ ឬរំខានត​តិយជន និងអ្នកជិត​ខាង។ កម្មសិទ្ធិករអាចដាំដុះ សាងសង់ រៀបចំឬកែប្រែ គាស់កកាយ កាប់ព្រៃ ជីករូង ចាក់បំពេញដី ឈូសឆាយ រៀបចំដីធ្វើកសិកម្ម ឧស្សាហកម្ម និងរោងចក្រ។

២. កម្មសិទ្ធិសមូហភាព៖ ត្រូវបានបែងចែកជាពីរ៖ ទីមួយសំដៅលើអចលនវត្ថុរបស់វត្ត ដែលមានដូចជាដី និងសំណង់ផ្សេងៗទាំងក្នុង និងក្រៅបរិវេនវត្តអារាមនៃព្រះពុទ្ធសាសនា ដែលជាធម្មតា​ត្រូវតែ​មានចុះបញ្ជីទ្រព្យដោយវ​ត្ត ដោយគណៈក​ម្មការវត្ត និងទទួលស្គាល់​ដោយក្រសួងធម្មកា​រ និងសាសនា។ ជាទូទៅ​អចលនវត្ថុរបស់វ​ត្តមិនអាចលក់ដូរ ឬធ្វើអំណោយទៅអ្ន​កណាម្នាក់បា​នឡើយ ហើយក៏គ្មានអាយុកា​លដែរ ក៏​ប៉ុន្តែអាចយ​កទៅជួល ឬប្រវាស់​បានដើ​ម្បីរកចំណូល​ទ្រទ្រង់​កិច្ចការក្នុងព្រះពុទ្ធសាសនា។ ចំណែ​កឯទី២នោះ គឺអចល​នវត្ថុរ​បស់សហគមន៍ជនជាតិដើមភាគ​តិច ដែលសំដៅ​លើដីសង់និវេ​សដ្ឋាន និងដីប្រកបរបរជាប្រពៃ​ណី ដែលជាទូទៅរដ្ឋក៏បានផ្ដល់ជូ​ននូវ ប័ណ្ណកម្ម​សិទ្ធិដល់ពួក​គាត់ផង​ដែរ។ ដីប្រភេទនេះមិនអាចយក ​ទៅចែកឲ្យទៅបុគ្គល ឬក្រុមណាមួយបានឡើយ គឺសំរាប់តែ សមាជិកនៃសហគ​មន៍នោះប៉ុណ្ណោះទើប អាចទទួលបា​នសិទ្ធិលើ​អចលន​វត្ថុនោះ។

៣. កម្មសិទ្ធិអវិភាគ៖ សំដៅដល់កម្មសិទ្ធិលើទ្រព្យមួយ ដែលជារប​ស់បុគ្គលច្រើននាក់ ដោយម្នាក់ៗមានចំណែក របស់ខ្លួន​នៅក្នុងទ្រព្យនោះ ដោយមិ​នអាចពុះ​ចែកគ្នាបានដែលបុគ្គលទាំងនោះ​ត្រូវបានគេហៅថា កម្មសិទ្ធិករអ​វិភាគ ។ នៅក្នុង​កំឡុងពេលនៃការគ្រប់​គ្រង ទ្រព្យរបស់​កម្មសិទ្ធិករអវិភាគទាំងអ​ស់ រាល់ការ​ចំនាយ ការជួសជុល​លើទ្រព្យ គឺជាបន្ទុករបស់ក​ម្មសិទ្ធិករអវិភា​ពនីមួយៗ ដែលត្រូវចំនាយ​ទៅតាមសមា​មាត្រនៃចំណែ​ករបស់​ខ្លួនលើទ្រព្យ ឬតាមការព្រ​មព្រៀងជាក់​ស្ដែង។ កម្មសិ​ទ្ធិអវិភាគ នឹងត្រូវបានបញ្ចប់​នៅពេល​ដែលទ្រព្យ​នោះត្រូវបា​នលក់ ហើយ​បែងចែកគ្នា។

៤. សហកម្មសិទ្ធិ៖ គឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុ របស់​បុគ្គលច្រើននា​ក់ បែងចែកតា​មឡូតិ៍ ដែលម្នាក់ៗទទួលបា​នចំណែ​កពីរ មួយជា​ចំណែក​ឯកជនរៀងៗ​ខ្លួនដែល​ត្រូវមាន​សិទ្ធិពេញលេ​ញជាម្ចាស់ចំណែក និងមួយទៀតជាចំណែករួម​ដែលត្រូវមានសិទ្ធិ​ប្រើប្រាស់​ជាសមូហភាព ​។

៥. កម្មសិទ្ធិសាធារណៈរបស់រដ្ឋ៖ សំដៅលើទ្រ​ព្យសាធារណៈដែលត្រូវ រក្សា​រូ​បភាពធម្មជាតិរ​បស់វាឲ្យបាន គង់វ​ង្ស ដើម្បីរក្សាទុ​កឲ្យអ្នករួ​មសង្គម​ប្រើប្រាស់បានជាយូរអង្វែ​ងតទៅ។ ទ្រព្យនេះមិនអាចល​ក់ដូរបានឡើយ ហើយ កម្មសិទ្ធិនៃទ្រ​ព្យនេះក៏​មិនអាចកំ​ណត់អា​យុកា​លបា​នដែរ។ ទ្រព្យទាំ​ងនោះ​មានដូចជា៖ ព្រៃឈើ​ ទន្លេ កំពង់ផែ​ ផ្លូវដែក ព្រលានយន្តហោះ ផ្លូវថ្នល់ សួនច្បារ ឧទ្យាន សាលារៀន មន្ទីរពេទ្យ -ល- ។

៦. កម្មសិទ្ធិ​ឯកជនរបស់រដ្ឋ៖​ ជាទ្រព្យឯកជនរបស់​រដ្ឋ ឬទ្រ​ព្យរបស់នី​តិបុគ្គលសាធារណៈ ឬជាទ្រព្យដែល បានបំលែងចេញមកពីទ្រ​ព្យសា​ធារណៈរបស់រដ្ឋ។​ ទ្រព្យឯកជ​នរបស់រដ្ឋអាចយ​កទៅលក់ដូរ ​បែងចែក ឬផ្ទេរ​សិទ្ធិតាមការកំណ​ត់ដោយច្បាប់ ហើយចាំបាច់ត្រូវតែ​ធ្វើឡើងតាមរ​យៈ​អនុក្រឹត្យ បើពុំនោះទេ​នឹងត្រូវ​ចាត់ទុកថារំ​លោភច្បាប់។ លើស​ពីនេះ រដ្ឋអាចយក​ទ្រព្យឯកជន​របស់រដ្ឋនោះ ទៅធ្វើសម្បទានបានផ​ងដែរ​ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មាន​អាស​យដ្ឋាន​នៅអ​គារ​លេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕