(ព្រៃវែង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារខេត្តព្រៃវែង ដែលមានលោក ស្តើង សុខុម ជាប្រធាន បានបើកធ្វើវេទិកាសាធារណៈមួយជាមួយគ្រូ និងសិស្សនៅវិទ្យាល័យ ហ៊ុនសែនកំចាយមារជាង១ពាន់នាក់ ស្តាប់កង្វល់ និងសំណូមពរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងវិទ្យាល័យ ដើម្បីស្វែងរកដោះស្រាយជូនពួកគេ។

វេទិកាសាធារណៈដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ លោក ស្តើង សុខុម បានលើកឡើងថា វេទិកាសាធារណៈនេះ កាលសម័យសង្គមរាស្រ្តនិយមរបស់សម្តេចនរោត្តម សីហនុ គេហៅថា «សមាជប្រជាជន» ហើយតែងរៀបចំធ្វើនៅក្នុងព្រះបរមរាជវាំង។ សម្រាប់ពេលបច្ចប្បន្នដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតវេទិកានេះឡើង ក្នុងគោលបំណងស្តាប់នូវមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ការលំបាករបស់ប្រជាពលរដ្ឋ ពិសេសការឆ្លុះបញ្ចាំងពីគោលនយោបាយនិងយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ក្នុងវេទិកានេះសិស្សានុសិស្សនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ បានឡើងបង្ហាញពីបញ្ហាទាំងឡាយដែលខ្លួនបានជួបប្រទះនៅក្នុងការសិក្សា ព្រមទាំងលើកសំណូមពរដល់រាជរដ្ឋាភិបាលឲ្យជួយដោះស្រាយផងដែរ។ បញ្ហាដែលត្រូវបានលើកឡើងមានដូចជាកាស្នើឲ្យក្រសួងអប់រំផ្តល់សៀវភៅសិក្សាឲ្យបានគ្រប់គ្រាន់ដាក់នៅក្នុងបណ្ណាល័យរបស់សាលា ដើម្បីផ្តល់ឲ្យសិស្សអាចធ្វើការសិក្សានិងស្រាវជ្រាវបន្ថែមលើការរៀននៅតាមថ្នាក់។ បើតាមនាយកសាលាបញ្ជាក់ថា សិស្សក្នុងវិទ្យាល័យត្រូវការសៀវភៅប្រមាណជា ៨០០ក្បាល។

ពាក់ព័ន្ធបញ្ហានេះលោក ស្តើង សុខុម ក៏បានសួរយោបល់ទៅសហការីរបស់លោក ដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ដែលមានវត្តមាននៅក្នុងវេទិកានោះដែរ ហើយលោក បានទទួលយកសំណូមពរនេះថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យមើលតម្រូវការជាក់ស្តែងរបស់វិទ្យាល័យដើម្បីបញ្ជូនសៀវភៅមកដាក់ក្នុង បណ្ណាល័យនេះ ។

ពាក់ព័ន្ធការស្នើសុំកសាងបង្គន់អនាម័យប្រកបដោយស្តង់ដារនៅក្នុងវិទ្យាល័យ លោក ស្តើង សុខុម បានបញ្ជាក់ជូនថា បញ្ហានេះ លោកបានទទួលការណែនាំពីសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តព្រៃវែងឲ្យចុះមកសិក្សារួចហើយ។

លោក ស្តើង សុខុម ក៏បានជម្រាបលោកគ្រូ អ្នកគ្រូនៅទីនោះថា សម្តេចក្រឡាហោម ស ខេង នឹងផ្តល់ជូនវិទ្យាល័យនេះ អន្តេវាសិកដ្ឋានសម្រាប់គ្រូ និង បង្គន់អនាម័យ ដើម្បីធ្វើឲ្យវិទ្យាល័យនេះកាន់តែមានសោភណ្ឌភាព និងបរិស្ថានល្អ។ ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវចេះជួយថែរក្សានូវសមិទ្ធផលទាំងអស់ដែលជាសម្បត្តិរួមនេះផងដែរ។

សិស្សថ្នាក់ទី១២ នៃវិទ្យាល័យនេះក៏បានស្នើសុំឲ្យជួយពួកគេក្នុងការរៀនបំប៉មមុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិ។ ឆ្លើយតបសំណើនេះ បើតាម លោក នាយកសាលាបានឲ្យដឹងថា ក្រសួងអប់រំផ្តល់ថវិកាសម្រាប់ការរៀនបំប៉ននេះតែ ២ លានរៀលប៉ុណ្ណោះ។ សម្រាប់ការឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលបង្រៀនបន្ថែមម៉ោងនៅថ្ងៃសៅរិ៍ និងអាទិត្យ ដូចនេះនេះខ្វះប្រមាណ ២ លានរៀលទៀត។

ពាក់ព័ន្ធបញ្ហានេះលោក ស្តើង សុខុម បានទទួលយកសំណូមពររបស់សិស្សដោយលោកជាអ្នកចេញថវិកាបន្ថែម២លានរៀល សម្រាប់គ្រូបង្រៀនបន្ថែមម៉ោងនៅថ្ងៃសៅរ៍ អាទិត្យ។ លោកប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយស្រុកកំជាយមារ បានថ្លែងថានេះជាការផ្តល់ឱកាសដល់សិស្សបានបំប៉ននូវចំណេះដឹងព្រោះការរៀនបំប៉ន ឬ រៀនត្រៀម នេះផ្តោត សំខាន់ទៅលើកម្រិតយល់ដឹង របស់សិស្ស ដែលត្រូវបំប៉នបន្ថែមលើមុខវិជ្ជាឱ្យបានកាន់តែទូលំទូលាយ ដល់សិស្ស ដែលមានភាពសា្ទក់ស្ទើរ ឬ មិនទាន់យល់ច្បាស់ ឬក៏បំពេញបន្ថែមទៅលើចំណុចខ្វះខាតតាមមុខវិជ្ជាមួយចំនួន ។

លើសពីនេះទៀតការរៀនបំប៉នក៏អាចចាត់ទុកថាជាគន្លឹះ ពង្រឹងចំណេះដឹងនិងជាប្រទីបនាំសិស្សឱ្យក្លាយជាសិស្សនិទ្ទេស A ក៏ថាបាន ប្រសិនជាសិស្សនោះ ស្រវាតោងចាប់ដោយព្យាយាមរៀន សូត្រពិតមែននោះ ។

លោក ស្តើង សុខុម ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុផងដែរនោះ តាមរយៈវេទិកាសារធារណៈនៅថ្ងៃម្សិលមិញនេះ ក៏បានប្រកាសលើកទឹកចិត្តដល់សិស្សវិទ្យាល័យកំចាយមារថា ប្រសិនជាមានសិស្សណាប្រឡប់បាននិទ្ទេស «A» ខ្ពស់ជាងគេឧបត្ថម ១,០០០ដុល្លារ ចំនួន ១នាក់ (ខ្ពស់ជាងគេតែ១នាក់)។ សិស្សបាននិទ្ទេស «A» និងជាប់អាហារូបករណ៍ទៅរៀននៅអុឺរ៉ុប ឬអាមេរិកឧបត្ថមអ្នកជាប់បានទៅរៀនមុនគេតែ១នាក់គត់ចំនួន ១មុឺនដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំ (ការជាប់អាហារូបករណ៍នេះត្រូវជាប់ក្នុងរយៈពេលយ៉ាងយូរបំផុត ១ឆ្នាំក្រោយប្រឡងបាក់ឌុបឆ្នាំនេះ «២០ សីហា ២០១៩ ដល់ ២០ សីហា ២០២០) ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។

ពាក់ព័ន្ធចំពោះការស្នើសុំឲ្យមានការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវិទ្យាល័យ និងការទប់ស្កាត់កុំឲ្យមានការសេពគ្រឿងញៀននៅក្បែរវិទ្យាល័យនោះ លោក ស្តើង សុខុម បានប្រគល់ភារកិច្ចជូនទៅជំនាញនៅក្នុងស្រុក និង សមត្តកិច្ចនៅក្នុងមូលដ្ឋានដោះស្រាយជូនដោយសុំឲ្យការិយាល័យសុខាភិបាលស្រុកធ្វើកិច្ចការងារនេះជាបន្ទាន់។ ពាក់ព័ន្ធបញ្ហាគ្រឿងញៀននៅក្បែរសាលារៀនលោកបានស្នើឲ្យសមត្តកិច្ចមូលដ្ឋាន ដែលមាននគរបាល និងអាវុធហត្ថស្រុកចុះធ្វើការងារនេះ ដើម្បីទប់ស្កាត់កុំឲ្យមានគ្រឿងញៀននៅក្បែរសាលា និងក្នុងភូមិឃុំ ។

ក្នុងវេទិកានោះសិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបក៏បានលើកជាសំណួរពាក់ព័ន្ធទីផ្សារការងារ ដែលកំពុងមានតម្រូវការតើពួកគេគួរសិក្សា លើមុខជំនាញណាមួយផងដែរ។ ឆ្លើយតបសំណួរនេះ លោក ស្តើង សុខុម បានលើកឡើងថា ទាំងជំនាញខាងវិទ្យាសាស្រ្តពិត ក៏ដូចមុខវិទ្យាសង្គម គឺវាមានសារៈសំខាន់ដូចគ្នា មិនអាចមានមួយខ្វះមួយបាននោះទេ ដូចនេះការចាប់យកជំនាញណាមួយ អាស្រ័យលើខ្លួនមានសក្តានុពល និង ស្រឡាញ់ពេញចិត្តផងដែរ ព្រោះអាចធ្វើឲ្យនិស្សិតរៀនបានពូកែ និង មានការងារល្អទៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះលោក ស្តើង សុខុម បានជម្រាបជូនសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ អំពីចក្ខុវិស័យនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ លោកបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ វិស័យអប់រំនៅកម្ពុជា បានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយមានការទទួលស្គាល់កាន់តែច្រើន។

លោកបន្តថា នៅពេលនេះប្រជាពលរដ្ឋ ជាពិសេសយុវជនបានដឹងពីសារៈសំខាន់ នៃការអប់រំល្អ។ ការអប់រំល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើនបញ្ញា និងដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារការងារទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់ និង ពិភពលោក។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានពង្រឹងគោលនយោបាយរបស់ខ្លួន ក្នុងការគាំទ្រដល់វិស័យអប់រំ។

លោកបណ្ឌិត ស្តើង សុខុម បន្តថា រាជរដ្ឋាភិបាកមានបំណងធ្វើឲ្យប្រសើរឡើងគុណភាពសិក្សានៅក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅតំបន់ជនបទ កាត់បន្ថយគម្លាតការអប់រំប្រកបដោយគុណភាព ។ ហេតុដូច្នេះហើយមានសាលារៀន និងអន្តេវសិកជាច្រើន ត្រូវបានកសាងឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងគោលបំណងរុញសាលារៀនតៅក្បែរផ្ទះប្រជាជន និង រុញគ្រូល្អៗឲ្យទៅកាន់ជនបទ៕