(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាព និងការសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីរាជការ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋផងដែរ។

ក្នុងដំណើរជិះកង់ចុះត្រួតពិនិត្យគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១នេះ បានរកឃើញថាផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស។ ក្នុងនោះត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងកំពុងទទួលរងការខូចខាតបណ្តើរៗផងដែរ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនលែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង។

លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង ពោលគឺត្រូវតាមដានគុណភាពសាងសង់តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។

លោក ស៊ុន ចាន់ថុល បានស្នើឱ្យមន្ត្រីក្រោមឱវាទទាំងអស់ និងក្រុមការងារបច្ចេកទេសសាងសង់ផ្លូវពិនិត្យឡើងវិញ នូវវិធានការ និងនីតិវិធីសាងសង់ឱ្យបានម៉ត់ចត់។ ជាពិសេសគម្រោងសាងសង់ផ្លូវកំពុងអនុវត្តនានា ធ្វើយ៉ាងណាឱ្យគុណភាពផ្លូវមានភាពរឹងមាំ ប្រើប្រាស់ ជាប់បានយូរ ស្របតាមស្តង់ដាដែលអាចទទួលយកបាន។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ»។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូន សូមចូលរួមគោរពច្បាប់ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ កុំដឹកទំនិញលើទម្ងន់កម្រិតកំណត់ និងត្រូវមានបណ្ណបើកបរតាមប្រភេទយានយន្ត សម្រាប់អ្នកបើកបរ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានជំរុញឱ្យមន្ត្រីក្រសួងទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដើម្បីប្រើប្រាស់ក្នុងការរាយការណ៍ផ្លូវជង្ហុកសំបុកមាន់និងផ្លូវខូច និងបានណែនាំឱ្យប្រធានមន្ទីរទាំង២៥រាជធានី-ខេត្តទាំងអស់ ទទួលខុសត្រូវចំពោះ បណ្តាញផ្លូវថ្នល់ដែលឋិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មិនថាផ្លូវនោះជាផ្លូវរបស់ក្រុមហ៊ុន ឬស្ថាប័ន ណាជាអ្នកសាងសង់ទេ៕