(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ត្បូងឃ្មុំ ជាសេរ៉ូម ចំនួន ១០.០០០កំប្លោក ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកទាំង៦ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មូំ ក្រោមឱវាទមន្ទីរសុខាភិបាល ដែលគិតជាថវិកាអស់ប្រមាណ៥០០០$។

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោកអភិបាលខេត្ត និងលោកស្រី បានបន្តផ្តល់ភាពកក់ក្តៅ ក្នុងនាមមេគ្រួសារពលរដ្ឋទូទាំងខេត្ត ទោះបីជាថ្ងៃចុងសប្តាហ៍ក្តី បានបន្តចុះកៀកជាប់ រួមសុខរួមទុក្ខ ជាមួយនឹងពលរដ្ឋ ដោយចុះសំណេះសំណាលសួរសុខទុក្ខ អ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មូំ ។ ព្រមទាំងចែកជូនថវិកាដល់អ្នកជំងឺ ចំនួន២១០នាក់ ក្នុងម្នាក់ៗ ៥០ ០០០រៀល និងឧបត្ថម្ភ បុគ្គលិកមន្ទីរពេទ្យ ចំនួន១២៥នាក់ ក្នុងម្នាក់ៗ ៥០ ០០០រៀលផងដែរ ដើម្បីជាការលើកទឹកចិត្ត ដែលខិតខំបំពេញការងារទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជា និងបន្តយកចិត្តទុកដាក់ព្យាបាល អោយកាន់តែល្អបន្ថែមទៀត។

ក្នុងឪកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់គ្រប់ពេល តែងតែគិតគូរពីសុខទុក្ខបងប្អូន ជាក់ស្តែង នាថ្ងៃនេះតំណាងឲ្យសម្តេចទាំងទ្វេរ ភាពកក់ក្តៅទាំងអស់ ត្រូវបានផ្តល់ជូនបងប្អូន និងបន្តជារៀងរហូត ដូចអ្វីដែលគណបក្សប្រជាជនកន្លងមកបានធ្វើ និងបន្តធ្វើ គឺនៅរួមសុខទុក្ខគ្រប់កាល:ទេស: ជាមួយប្រជាជនកម្ពុជា។

ស្ថិតក្នុងឳកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានជូនពរសូមឲ្យបងប្អូនឆាប់ជាសះស្បើយពីជំងឺ និងមើលថែសុខភាពខ្លួនឲ្យបានល្អ ព្រោះថា សុខភាពជាកត្តាចម្បង និងចាំបាប់បំផុតសម្រាប់មនុស្សគ្រប់ៗរូប។

ឆ្លៀតក្នុងឧកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្ត និងលោកស្រី ដែលមានទឹកចិត្តដ៏ថ្លៃថ្លាតែងតែខ្វល់ខ្វាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការកើនឡើងនូវអ្នកជំងឺគ្រុនឈាម លោកក៏បានបន្តអនុវត្តន៍នូវវិធានការ ០៣ចំណុច ក្នុងនោះរួមមាន៖ ១-បន្តចុះអប់រំ ដល់ភូមិ គោលដៅ និងភូមិដទៃទៀត ពាក់ព័ន្ធនឹងចំណេះដឹង ទៅលើជំងឺគ្រុនឈាម, ២-បន្រដាក់អាបែត, ៣-បាញ់ថ្នាំបាណកឃាដ កំចាត់មូសខ្លា។

សូមបញ្ជាក់ថា៖ គិតត្រឹម ៦ខែ ដើមឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំមុន៕