(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុកប្រមាណជាង ១,២០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក, ត្រចៀក, ច្រមុះ និងបំពង់កឥតគិតថ្លៃពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុកម្ពុជា (H.O.P.E Cambodia) ក្រោមកិច្ចសហការជាមួយ ក្រុមការងារយុវជនស្មគ្រ័ចិត្តធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងឧបត្ថម្ភគាំទ្រដោយមូលនិធិរក្សាកុមារនិង អង្គការក្ដីសង្ឃឹមកម្ពុជា។

សកម្មភាពមនុស្សធ៌មនេះបានរៀបចំ ផ្ដល់ការពិនិត្យព្យាបាលជំងឺជូន ក្នុងបវិវេណវត្តជីនិតារាម ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះអ្នកមកទទួលការពិនិត្យ លើជំងឺភ្នែកមានចំនួន៩០០នាក់, ជំងឺត្រចៀក និងច្រមុះមានជាង២០០នាក់ និងជំងឺធ្មេញជិត៣០០នាក់។

ក្នុងសកម្មភាពការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនោះលោកស្រី ជា សិរី ឲ្យដឹងថា នេះជាសកម្មភាពមនុស្សធម៌ពិតៗ ជាកិច្ចខិតខំមួយរបស់ក្រុមការងារ យុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពជា និងអង្គការដៃគូរ ដើម្បីលើកកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋ។ ចំពោះសកម្មភាពនេះវាក៏ជាផ្នែកមួយសម្រាប់ជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសុខភាពនោះផងដែរ។

លោកស្រីបន្ដថា ទឹកចិត្តសប្បុរសធម៌ និងកាយវិការដ៍ល្អប្រពៃរបស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនាពេលនេះ បានបង្ហាញឲ្យឃើញពី ការចូលរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ដុជាដែលគិតគូរ និងថែទាំចំពោះសុខភាពប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តបានគ្រប់ៗគ្នា។

លោកស្រី ជា សិរី បញ្ជាក់ថា សកម្មភាពមនុស្សធម៌បែបនេះមិនមែនជាលើកទី១ទេ សម្រាប់ទឹកដីស្រុកសន្ទុក ជាក់ស្ដែងកន្លងមកលោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំគ្រូពេទ្យស្ម័គ្រចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាបន្តបន្ទាប់ស្រុកសន្ទុកនេះផងដែរ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឲ្យដឹងថា ការងារមនុស្សធម៌ពេលនេះក្រៅពី ផ្ដល់ការពិនិត្យព្យាបាល ក៏មានការបង្ហាត់បង្ហាញពី របៀបនៃការថែរក្សាការពារ និងថែរក្សាសុខភាពផងដែរ។

លោកវេជ្ជបណ្ឌិតជំនាញខាងព្យាលបាលជំងឺ៖ ត្រចៀក, ច្រមុះ និងបំពង់កអះអាងថា ក្រុមគ្រូពេទ្ទាំងអស់ពិតជាមានការរីករាយ និងពេញចិត្តណាស់ពេលឃើញមានប្រជាពលរដ្ឋ មកទទួលយកសេវាពិនិត្យ និងព្យាបាលបើទោះបីជាមានការនឿយហត់ និងត្រូវប្រើពេលប្រើម៉ោងយ៉ាងណាក៏ដោយ ក៏ត្រូវតែពិនិត្យព្យាលបាលជូនឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១២០០នាក់ ដែលមកពិនិត្យព្យាលបាលជំងឺពេលនេះ ក៏ទទួលបានការសម្របសម្រួល និងទទួលបានអាហារសម្រន់ពី ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិផងដែរ។ ដោយឡែកចំពោះអ្នកជំងឺភ្នែក ដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវធ្វើការវះកាត់ ក្រុមការងារយុវជនស្ម័គ្រចិត្តសហការ ជាមួយគ្រូពេទ្យនឹងរៀបចំបញ្ជូនទៅវះកាត់នៅរាជធានីភ្នំពេញ នៅខែសីហាឆ្នាំ២០១៩ខាងមុខនេះផងដែរ៕