(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារ នៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ជាពិសេសបន្តការយកចិត្តទុកដាក់ចំពោះកុមារា អាយុ៣ឆ្នាំ ជាកូនរបស់ស្ត្រីជាប់ទោស១៦៥ឆ្នាំ ដែលត្រូវទទួលយកពីមណ្ឌលអប់រំទី២ (ម២) ដើម្បីទទួលការចិញ្ចឹមបីបាច់ និងការសិក្សានៅអង្គការនេះ។

លោក កែវ រ៉េមី ក៏បានកោតសរសើរចំពោះ លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅ ដើម្បីជួយដល់កុមារ ដែលជួបការលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅការផ្តល់អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការរួមជួយរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។

លោកក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមជួយឧបត្ថម្ភគាំទ្រអង្គការនេះ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ដើម្បើជួយដល់កុមារជួបការលំបាកនៅកម្ពុជា។

អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៨ និងចុះឈ្មោះ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩ ហើយចុះបញ្ជីជាមួយក្រសួងសង្គមកិច្ចនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។ អង្គការ នេះបានបង្កើតឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់កុមារក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតឱ្យមានមជ្ឈមណ្ឌល សង្គ្រោះកុមារ នៅក្នុងសហគមន៍ ដើម្បីឱ្យកុមារទីទាល់ក្រទាំងនោះទទួលបាននូវការការពារមួយដ៏ល្អប្រសើរ។ ជួយដល់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវកុមារភាពដែលប្រកបដោយភាពរីករាយសុខភាពល្អគ្មានការភិតភ័យ និងផុតពីគ្រោះថ្នាក់។

អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ផ្តល់នូវភាពទុកចិត្ត និងការពារសិទ្ធិកុមារ ក្នុងការទទួលម្ហូបអាហារទីជំរកការថែទាំ សុខភាពការអប់រំមូលដ្ឋាន សមភាពយេនឌ័រ ចាកផុតពីអំពើហឹង្សា ការរំលោភបំពាន និងការជួញដូរ។ បេសកកម្មអង្គការ គឺចូលរួមក្នុងការលើកកម្ពស់ស្ថានភាព និងសុខុមាលភាពកុមារក្រីក្រនៅកម្ពុជា។ ដោយផ្តោតលើការយកចិត្តទុកដាក់ទៅលើកុមារក្រីក្របំផុត និងកុមារដែលឪពុកម្តាយស្លាប់ចោល ដោយសារមេរោគអេដស៍ ជំងឺអេដស៍ កុមារដែលងាយរងគ្រោះដោយការជួញដូរ និងការកេងប្រវ័ញពលកម្ម។

តាមរយៈការចូលរួមក្នុងការអភិវឌ្ឍន៍ អង្គការមានគោលបំណងជួយកុមារក្រីក្រនៅកម្ពុជាឆ្ពោះទៅរកជីវិតរស់នៅមួយដែលមាន សុខភាពល្អ និងសេចក្តីថ្លៃថ្នូរ។ អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» និងចូលរួមសហប្រតិបត្តិការជាមួយ អង្គការនានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសសំដៅយកចិត្តទុកដាក់ដល់ការថែទាំសុខភាពកុមារ នៅតាមសហគមន៍នៅមូលដ្ឋាន និងធ្វើការកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងសេវាដែលអាចទទួលបាននូវការថែទាំផ្នែកសុខភាពគាំពារ និងការអប់រំមូលដ្ឋានដល់កុមារក្រីក្រនៅកម្ពុជា។

សព្វថ្ងៃនេះអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» មានបុគ្គលិកចំនួន១០នាក់ ក្នុងនោះមានបុគ្គលិក ស្រីចំនួន៧នាក់ និងបុគ្គលិក ប្រុសចំនួន៣នាក់ និងមានកុមារកំព្រាដែលកំពុងស្នាក់នៅជាអចិន្ត្រៃយ៍ចំនួន ៤១នាក់ ក្នុងនោះមានស្រីចំនួន ១៥នាក់ ប្រុសចំនួន ២៦នាក់ មានអគារទាំងអស់ មានចំនួន ១៤បន្ទប់ ក្នុងនោះមានបន្ទប់ការិយាល័យ០១ បន្ទប់ក្មេងគេង ០៤បន្ទប់ក្មេងស្រីមាន ០២បន្ទប់ក្មេងប្រុស ០២បន្ទប់ បណ្ណាល័យ០១ បន្ទប់ពេទ្យ ០១បន្ទប់ និងបន្ទប់ទឹកចំនួន ០២កន្លែង គឺបន្ទប់ទឹក សម្រាប់ក្មេងស្រី០១ និងបន្ទប់ទឹកសម្រាប់ក្មេងប្រុស ០១។

អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» បានខិតខំប្រឹងប្រែងធ្វើឱ្យកូនៗ កុមារក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះដែលឪពុកម្តាយស្លាប់ចោល ដោយសារមេរោគអេដស៍ ជំងឺអេដស៍ បានប្រែក្លាយមុខមាត់សារជាថ្មីក្នុងការរស់នៅប្រកបដោយសុវត្តិភាព សុភមង្គល គ្មានការរើសអើង ការថែទាំសុខភាព ការអប់រំមូលដ្ឋាន សមភាពយំនៅរ ចាកផុតពីអំពើហឹង្សាការរំលោភបំពាន និងការជួញដូរ ជាពិសេសធ្វើអោយពួកគេ មានសេចក្តីសង្ឃឹមក្នុងការតស៊ូរស់នៅ ដើម្បីទទួលបានជោគជ័យ ក្នុងថ្ងៃអនាគត៕