(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាបឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយនានាទាំងកត្តាធម្មជាតិ និងដោយកត្តាយថាហេតុផ្សេងៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា។

ការថ្លែងជំរុញរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំស២០១៩នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី អញ្ជើញបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆមាសលើកទី១ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ»។ កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅទីស្នាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងថ្នាក់ដឹកនាំយ៉ាងច្រើនផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងក្នុងកិច្ចប្រជុំនោះថា មន្ត្រីទាំងអស់ត្រូវធ្វើកិច្ចការរបស់ខ្លួន ដោយមិនរង់ចាំតែបទបញ្ជាពីថ្នាក់លើនោះឡើយ។ ត្រូវក្តាប់ព័ត៌មាន រាយការណ៍ព័ត៌មាន ទាំងព័ត៌មានជាតិ និងព័ត៌មានអន្តរជាតិដោយសង្ខេបខ្លីៗជម្រាបជូនដល់ដឹកនាំ ដើម្បីរកវិធីសាស្ត្រដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យមន្ត្រីត្រូវទាំងអស់ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ធ្វើយ៉ាងត្រៀមបង្ការ ទប់ស្កាត់ និងចូលរួមដោះស្រាយបញ្ហាទាំងអស់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ក្នុងនាមជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានគណៈកម្មាធិការនោះ មន្ត្រីអស់ត្រូវធ្វើយ៉ាងណាខិតខំប្រឹងពុះពារជម្នះ គ្រប់ឧបសគ្គនៅចំពោះមុខ ដើម្បីឆ្លើយតបស្ថានភាពភាពដែលរៀបនឹងកើតឡើង និងដោះសា្រយបញ្ហាដែលបានកើតឡើង ឱ្យសម្រេចទៅតាមភារកិច្ច ដែលរដ្ឋាភិបាលបានប្រគល់ជូន ជាពិសេសមិនត្រូវទុកឱ្យការងារណាមួយរបស់ខ្លួនចោល ដោយមិនមានការអើពើជាដាច់ខាត»

លោក គន់ គីម ក៏បានប្រាប់ទៅមន្ត្រីនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយទាំងអស់ ខិតខំសហការគ្នា ដើម្បីបំពេញការងារទៅតាមតួនាទីរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក របស់រដ្ឋាភិបាលក្នុងនាមជាស្ថាប័ន និងជាសេនាធិការចំណុះឱ្យរាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ត្រូវពុះពារជម្នះគ្រប់ឧបសគ្គទាំងឡាយដែលនៅចំពោះមុខ ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ថ្នាក់លើបានកំណត់។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ ត្រូវបំពេញការងារដោយសាមគ្គីភាព និងបែងចែកការងារគ្នាច្បាស់លាស់ ដោយត្រូវចាំពីតួនាទីរៀងខ្លួនថា ខ្លួនមានតួនាទីសំខាន់ ជាអ្នកជួយប្រជាពលរដ្ឋក្នុងការទប់ស្កាត់ ឬជួយក្នុងកំលុងពេលមានគ្រោះមហន្តរាយកើតឡើង។ មន្ត្រីទាំងអស់ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍអង្គភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពការងារជាក់ស្តែងផងដែរ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំនេះ ស្ថានភាពអាកាសធាតុ មិនសូវជាមានអំណោយផលល្អប៉ុន្មានទេ សម្រាប់កម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងមួយផ្នែក នៃពិភពលោកដោយសារតែស្ថានភាពអាកាសធាតុ បានចាប់ផ្តើមទទួលរងឥទ្ធិពលពីបាតុភូត EL NINO ចាប់តាំងពីដើមឆ្នាំមក។ ទោះបីជាយ៉ាងណាកម្ពុជា បានទទួលត្រឹមលក្ខណៈប្រយោលក្តី ក៏លក្ខខណ្ឌអាកាសធាតុ បាននាំមកនូវផលវិបាក ដល់វិស័យផ្សេងៗ ជាបន្តបន្ទាប់ដែលតម្រូវឱ្យរាជរដ្ឋាភិបាលខិតខំពុះពារការលំបាក ដើម្បីសម្រេចដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានស្ថិរភាព។

របាយការណ៍ដដែល បានបន្ថែមទៀតថា ក្នុងរយៈពេល៦ខែឆ្នាំនេះកម្ពុជា បានជួបនូវបញ្ហាមួយចំនួនពីគ្រោះធម្មជាតិ ក៏ដូចជាជំងឺមួយចំនួន។ ក្នុងនោះមានជំងឺគ្រុនឈាមនៅទូទាំងប្រទេសកើតមានចំពោះមនុស្សចំនួន ១៣ពាន់ ៨៤៣ករណី ស្លាប់ចំនួន ២៤នាក់។ បណ្តាខេត្តដែលកើតមានករណីគ្រុនឈាមមានដូចជា ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ចាម សៀមរាប ភ្នំពេញ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កោះកុង និងខេត្តព្រះសីហនុ។

អ្នកជំងឺភាគច្រើន បានទទួលការព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផាទាំង៥ទីតាំង រួមនឹងមន្ទីរពេទ្យកុមារជាតិផងដែរ៕