(កណ្តាល)៖ យោធិនពិការម្នាក់ឈ្មោះ ចៅ សុវាសនា និងគ្រួសារដែលមានកូន ៤នាក់ បានចេញវីដេអូលើកដៃសំពះទទូចអង្វរស្នើសុំដល់អាជ្ញាធរខេត្តកណ្តាល ជួយដោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន ដែលត្រូវបានតុលាការ ចេញសាលក្រមរឹបអូសដោយបំពាននៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ២០០៩។

លោក ចៅ សុវាសនា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងបន្ថែមថា លោកធ្លាប់ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យមេត្តាជួយដោះស្រាយរឿងលោក ហើយសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីដែនដី សុទ្ធតែបានបោះត្រាឲ្យខាងអាជ្ញាធរថ្នាក់ក្រោម ត្រូវពិនិត្យមើលលើរឿងនេះដើម្បីដោះស្រាយ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរមិនបានដោះស្រាយឡើយ។

យោធិនពិការ ចៅ វាសនា ដែលកំពុងប្រកបមុខរបររត់ម៉ូតូកង់បីរូបនេះ បានអះអាងថា ដីខ្លួនដែលត្រូវតុលាការចេញសាលក្រម រឹបអូសដោយបំពាននេះ គឺជាដីកេរពីឪពុកម្តាយរបស់លោក ដែលបានរស់នៅតាំងពីយូរយារណាស់មកហើយ។

លោកបានរៀបរាប់រំលឹកថា ការអនុវត្តសាលក្រម បានធ្វើឡើងកាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៩ ក្នុងការរុះរើលំនៅស្ថានរបស់លោក ដើម្បីប្រគល់ឲ្យភាគីម្ខាងទៀត គឺជារឿងអយុត្តិធម៌ណាស់ ដែលគាត់បានតវ៉ាអស់រយៈ១០ឆ្នាំមកហើយ តែមិនទាន់បានទទួលលទ្ធផលជាផ្លែផ្កានៅឡើយ ដោយសារគ្រប់សមត្ថកិច្ចទាំងអស់ ហាក់បានត្រូវដៃត្រូវជើងគ្នាជាមួយភាគីម្ខាងទៀត។

យោធិនពិការដោយសារសង្រា្គមរូបនេះ រៀបរាប់ទៀតថា ដីកេររបស់ឪពុកម្តាយរបស់លោក មានលិខិតកាន់កាប់ត្រឹមត្រូវ ដែលចេញដោយ ការិយាល័យសុរិយោដីស្រុកកៀនស្វាយ កាលពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ការស្នាក់នៅរបស់គ្រួសារលោក មានឯកសារជាច្រើនដូចជា សៀវភៅស្នាក់នៅ១១២ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ១៩៩៩ ប័ណ្ណសម្គាល់គ្រួសារ តារាងស្រង់ស្ថិតិ លិខិតអាជ្ញាធរជាតិ ដោះស្រាយដីធ្លី និងលិខិតអន្តរាគមន៍របស់ក្រសួងយុត្តិធម៌ជាដើម។

យោងតាមការអះអាងពីលោក ចៅ វាសនា បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ឪពុកម្តាយរបស់លោក បានមករស់នៅលើដីនោះរហូតមក។ លុះដល់ឆ្នាំ១៩៨១ មានឈ្មោះ ព្រាប រុន ភេទស្រី បានមកសុំឪពុកម្តាយលោកស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែការស្នាក់នៅនោះមិនអនុញ្ញាតឲ្យឈ្មោះ ព្រាប រុន ក្នុងបណ្ណស្នាក់នៅឡើយ ព្រោះស្ត្រីម្នាក់នោះ ជាមនុស្សចាស់ជរា និងស្ថិតក្រោមការឧបត្ថម្ភរបស់ឪពុកម្តាយលោក ចៅ វាសនា។

រហូតមកដល់ឆ្នាំ២០០៥ ស្រាប់តែមានមនុស្សម្នាក់ផ្សេងទៀតឈ្មោះថា ស្វាយ ខុន បានមកដឹកនាំលោកយាយ ព្រាប រុន ឲ្យដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកណ្តាល ពីបទកេងប្រវ័ញ្ចយក ទ្រព្យសម្បត្តិដី និងផ្ទះរបស់លោក ចៅ វាសនា ទៅវិញ។ គួរឲ្យកត់សម្គាល់លោកយាយ ព្រាប រុន គ្មានបំណងធ្វើសកម្មភាពបំពានតាមអ្វីដែលឈ្មោះ ស្វាយ ខុន ដឹកនាំនោះឡើយ។

បើតាមលោក ចៅ វាសនា មូលហេតុដែលបង្កឲ្យមានវិវាទរវាងលោក និងលោកយាយ ព្រាប រុន ដោយសារតែអាជ្ញាធរភូមិ-ឃុំកាលនោះ ជាអ្នករៀបចំឡើងដើម្បីផលចំណេញលើដី ដែលជាកេររបស់ឪពុកម្តាយលោក។ លោកក៏ដាក់ការសន្និដ្ឋានថា អាជ្ញាធរកាលនោះហាក់បីដូចជា ទទួលបានផលប្រយោជន៍ពីឈ្មោះ ស្វាយ ខុន ទៀតផង។

បើទោះបីជាលោក ចៅ វាសនា ដែលអះអាងថា បានរស់នៅលើដីឪពុកម្តាយខ្លួន តាំងពីដើមរហូតដល់មានកូន ៤នោះ បានព្យាយាមស្វែងរកការអន្តរាគមន៍អស់១០ឆ្នាំហើយក្តី ក៏គ្រួសារលោកមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ។ ហេតុដូចនេះហើយ លោកមានតែកាន់បដាទទូចអង្វរទៅអាជ្ញាធរ ឲ្យជួយរកយុត្តិធម៌តែម្តង។

យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីពាក់ព័ន្ធបាននោះទេ នៅរសៀលថ្ងៃនេះ៕