(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានថា រាល់មន្រ្តីអាវុធហត្ថទាំងអស់ មិនត្រូវប្រើប្រាស់យានយន្ត ស្លាកសញ្ញា កងរាជអាវុធហត្ថ ឬតួនាទីជាកងរាជអាវុធហត្ថទៅប្រព្រឹត្តបទល្មើសដាច់ខាត នាយទាហានណាដែលមានការពាក់ព័ន្ធ ត្រូវតាមអនុវត្តច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬក៏ត្រូវបញ្ជូនទៅតុលាការ។

ការព្រមាន និងក្រើនរំលឹកដល់មន្រ្តីអាវុធហត្ថរបស់ខ្លួនខាងលើនេះ ខណៈដែលនាយឧត្តមសេនីយ៍ សៅ សុខា ជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះកងរាជអាវុធហត្ថគ្រប់បណ្តាអង្គភាព ស្ថាប័ន ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទី ភារកិច្ច៦ខែ កន្លងមកនេះ ដែលលោកឧត្តមសេនីយ៍ នាយសេនាធិការ បានរាយការណ៍ជូនអង្គប្រជុំ ជាការបូកសរុបវាយតម្លៃ និងលើកទិសដៅការងារមួយចំនួនដែលជាសុច្ចនាករការងារឆមាស២ ឈលើមូលដ្ឋានផែនការរួម សម្រាប់ឆ្នាំ២០១៩ ដែលអង្គប្រជុំបានដាក់ចេញ។

នាយឧត្តមសេនីយ៍ បានបន្តថា ការវិនិយោគកសាងសាលាហ្វឹកហ្វឺន គ្រូបណ្តុះបណ្តាល និងកម្មវិធីសិក្សាចំទិសដៅ គឺមានតម្លៃខ្លាំងណាស់ ក្នុងការតម្រង់ទិសដៅវិជ្ជាជីវៈកងរាជអាវុធហត្ថ ដែលកត្តាកំណត់គឺមនុស្ស ដូច្នេះមនុស្សត្រូវការចំណេះដឹង គ្មានចំណេះដឹង យកទៅធ្វើខុសច្រើនជាងត្រូវ គ្មានចំណេះដឹង យកទៅធ្វើនិងបំផ្លាញថែមទៀតផង។

ជាមួយនេះ នាយឧត្តមសេនីយ៍បានប្រាប់មន្រ្តីទាំងអស់ ខិតខំប្រឹងប្រែងលើការងារអប់រំចិត្តសាស្រ្ត ចុះទៅគ្រប់ទីកន្លែងដើម្បីផ្សព្វផ្សាយ ជារួមកងរាជអាវុធហត្ថ រក្សាបាននូវជំនឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល មានស្មារតីនឹងនរ មានឆន្ទះប្តូរផ្តាច់ក្នុងការការពាររាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរំលឹកដល់បញ្ជាការគ្រប់អង្គភាព ស្ថាប័ន កងរាជអាវុធហត្ថ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវតែមានប្រតិទិនការងារច្បាស់លាស់តាមផែនការដែលបានគ្រោងទុក ត្រូវប្រើប្រាស់កម្លាំងឱ្យចំទិសដៅនិងជំនាញវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល និងត្រូវរំលឹកដល់កម្លាំងក្រោមឱវាទរបស់ខ្លួន ការប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យមានប្រយោជន៍ ដល់សង្គម និងអង្គភាព មិនត្រូវប្រើប្រាស់យានយន្ត ស្លាកសញ្ញា កងរាជអាវុធហត្ថ ឬតួនាទីជាកងរាជអាវុធហត្ថទៅប្រព្រឹត្តបទល្មើសដាច់ខាត នាយទាហានណាដែលមានការពាក់ព័ន្ធ ត្រូវតាមអនុវត្តច្បាប់ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ឬក៏ត្រូវបញ្ជូនទៅតុលាការ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជំរុញដល់គ្រប់អង្គភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ត្រូវចុះបញ្ជីសាពើភណ្ឌនិងធ្វើប្លង់កម្មសិទ្ធឱ្យបានក្នុងរយពេល ៦បន្ទាប់ និងបន្តធ្វើការកសាង អង្គភាពមានស្ទឹងត្រែង ព្រះវិហារ ព្រៃវែង តាកែវ កោះកុង កំពត។ ក្នុងអង្គប្រជុំនេះ ក៏បានសម្រេចបង្កើតមូលិធិមួយបន្ថែមទៀត បន្ទាប់ពីមូលិធិមហាគ្រួសារកងរាជអាវុធហត្ថ សម្រេចបានជោគជ័យ ក្នុងការជួយសម្រាលការលំបាកគ្រួសារអាវុធហត្ថ ពលី-មរណៈ នោះគឺមូលិធិអតីតកងរាជអាវុធហត្ថ សម្រាប់អតីតកងរាជអាវុធហត្ថដែលបានចូលនិវត្តន៍ឬបាត់បង់សមត្ថភាព សម្រាប់ដោះស្រាយ ការលំបាកក្នុងជីវភាពគ្រួសារ ឬមានជំងឺ។

នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានអនុក្រឹត្យស្តីពី ការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន របស់រាជរដ្ឋាភិបាលលេខ៨៤៥ សលក្រតត សម្រេចរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ទោ នាង សុជីវី ជាស្នងការ ស្នងការដ្ឋានកសាងកម្លាំង
*ទី២៖ ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ជាស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ
*ទី៣៖ ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជាស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស
*ទី៤៖ ឧត្តមសេនីយ៍ទោ តាត ចន្ថា ជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល
*ទី៥៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាស្នងការ ស្នងការដ្ឋានទំនាក់ទំនងសាធារណៈ
*ទី៦៖ វរសេនីយ៍ឯក ញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ
*ទី៧៖ តែងតាំងឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ៕