(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណង់ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើពួកគេជួបការលំបាក ឬត្រូវមន្ត្រីទារលុយពេលទៅសុំច្បាប់សាងសង់នោះ។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងឆ្លើយតបទៅនឹងសំណួររបស់អ្នកព័ត៌មានស្តីពីវិធានការចំពោះភាពអសកម្មក្នុងការផ្តល់សេវាលើការសាងសង់នៅក្នុងសន្និសីទព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ។

ម្ចាស់សំណង់មួយចំនួនធ្លាប់បានលើកឡើងថា ពួកគេជួបការលំបាកនៅពេលសុំច្បាប់សាងសង់ម្តងៗ ហើយការសុំច្បាប់នោះមានរយៈពេលយូរដែលនាំឱ្យរាំងស្ទះដល់ដំណើរការសាងសង់។ ម្ចាស់សំណង់ខ្លះបានលើកឡើងថា មន្ត្រីបានព្យាយាមរកលេសផ្សេងៗក្នុងការពន្យារពេលចេញច្បាប់សាងសង់ ដើម្បីទទួលបានកម្រៃក្រៅសេវាពីម្ចាស់សំណង់។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមលុបបំបាត់មន្ត្រីពុករលួយ និងកំពុងរកមុខអ្នកប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាអ្នកបង្កើតឱ្យឧបសគ្គផ្សេងៗផងដែរ។ លោកបន្តថា ដើម្បីលុបបំបាត់នូវឧបសគ្គ និងប្រឆាំងអំពើពុករលួយរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើនដូចជាការបង្កើតឱ្យការិយាល័យផ្តល់សេវាដែលហៅថា «ការិយាល័យច្រកចេញចូលតែមួយ» នៅតាមសាលាក្រុង និងសាលាខណ្ឌជាដើម។

លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា «នៅក្នុងជួររាជរដ្ឋាភិបាលយើងកំពុងស្វែងរកពួកពុករលួយ និងពួកបង្កើតឱ្យមានឧបសគ្គ។ យើងបានឃើញសាលាក្រុងភ្នំពេញ និងសាលាក្រុងដទៃទៀត បានប្រាប់អំពីលក្ខខណ្ឌអ្វីដែលយើងត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ។ ដូច្នេះការសុំច្បាប់ជារឿងទទួលខុសត្រូវរបស់ម្ចាស់សំណង់ ប៉ុន្តែខ្ញុំនៅតែរង់ចាំស្តាប់បន្តទៅទៀតថា តើប្រជាពលរដ្ឋ និងពាណិជ្ជករមានឧបសគ្គរបៀបម៉េចក្នុងការសុំច្បាប់? យើងដឹងហើយពីដើមទីពិបាកសុំច្បាប់ណាស់»

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបន្តថា «ខ្ញុំមិនកាន់ជើងទេពួកពុករលួយ ខ្ញុំមិនកាន់ជើងទេពួកបង្កឧបសគ្គដល់ការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាល។ បើពិបាកសរសេរសំបុត្រមកខាងខ្ញុំ ខ្ញុំនឹងជម្រាបទៅឯកឧត្តមដែលទទួលខុសត្រូវលើរឿងនេះ មានចៅហ្វាយក្រុង ចៅហ្វាយខេត្តនេះឯង»

លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទព័ត៌មាននោះថា សុខសន្តិភាពនៅកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចធ្វើឱ្យវិស័យសំណង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមានការវិវឌ្ឍន៍យ៉ាងខ្លាំង។ លោកបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩ សំណង់អគារនៅកម្ពុជាមានសរុបប្រមាណ ៤៥,២៦៥គម្រោង ជាមួយទុនវិនិយោគប្រមាណ ៤៤,៥៧៦លានដុល្លារអាមេរិក។

លោក បានឱ្យដឹងផងដែរថា អគារមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១,៣២៩អគារ ហើយបុរីលំនៅឋាន ឬលំនៅឋានប្រមូលផ្តុំមានលក្ខណៈជាបុរី មាន ២៥៨ទីតាំង៕