(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានស្នើឱ្យប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមមណ្ឌលកម្សាន្ត និងកន្លែងសប្បាយដ្ឋាន។ នេះបើយោងតាមលិខិតរបស់ក្រសួងទេសចរណ៍ ដែលផ្ញើទៅប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមលិខិតនេះ ក្រសួងទេសចរណ៍ បានប្រាប់ទៅប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឱ្យបានដឹងថា ដោយពិនិត្យឃើញឧក្រិដ្ឋជនគ្រឿងញៀន និងបណ្តាញរបស់ក្រុមទុច្ចរិត នៅតែបន្តលួចលាក់ចរាចរ ការប្រើប្រាស់គ្រឿងញៀនគ្រប់វិធីសាស្ត្រ និងល្បិចកលមានជាអាទិ៍ នៅតាមក្លឹបកម្សាន្ត និងសប្បាយដ្ឋាននានានោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានផ្តល់អនុសាសន៦ឱ្យលុបបំបាត់ ឱ្យអស់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន នៅតាមមណ្ឌលកម្សាន្ត និងសប្បាយដ្ឋាននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មុនដំណាច់ឆ្នាំ២០១៩។

ដើម្បីអនុវត្តឱ្យបានជោគជ័យនូវអនុសាសន៍នេះ ក្រសួងទេសចរណ៍បានស្នើដល់ប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តន៍ដូចខាងក្រោម៖
១៖ ពង្រឹងការអនុវត្តសេចក្តីណែនាំ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងជុំវិញសកម្មភាពចូលរួមទប់ស្កាត់គ្រឿងញៀនខុសច្បាប់ ក្នុងវិស័យទេសចរណ៍។
២៖ បង្កើនកិច្ចសហប្រតិបត្តិការ និងចូលរួមជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះមូលដ្ឋានដែលពាក់ព័ន្ធបទល្មើស ជួញដូរប្រើប្រាស់គ្រឿងញៀន៕