(សៀមរាប)៖ រហូតមកដល់ពេលនេះហើយ នៅតែមានករណីលួចចាក់ដីខុសច្បាប់ក្នុងតំបន់អង្គរ ខណៈអាជ្ញាធរប្ដេជ្ញាទប់ស្កាត់ដោយគ្មានការយោគយល់នោះឡើយ ដោយនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់សកម្មភាពលួចចាក់ដីខុសច្បាប់ នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានចុះធ្វើកំណត់ហេតុ និងស្វែងរកម្ចាស់ដីម្ដងរួមមកហើយកាលពីថ្ងៃទី២៩ ខែមិថុនា ប៉ុន្តែរកមិនឃើញម្ចាស់ ហើយរហូតមកដល់ពេលនេះ ម្ចាស់ដីខាងលើនៅបន្តសកម្មភាពលួចចាក់ដីដដែល។ សកម្មភាពលួចចាក់ដីនេះគឺលួចធ្វើនៅពេលយប់។

បើតាមការព្រមានរបស់អាជ្ញាធរជាតិអប្សរា ក្រុមការងារនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះករណីចាក់ដីក្នុងតំបន់បុរាណដ្ឋានអង្គរនេះ ដោយមិនយោគយល់នោះឡើយ ពីព្រោះទង្វើដ៏គឃ្លើននេះជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ ទៅលើមរតកវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ៕