(ទីក្រុងហាមិតុន)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យវៃកាតូ (University of Waikato) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី ថោង ខុន បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយនឹងលោកស្រីសាស្ត្រាចារ្យ Allison Kirkman សាកលវិទ្យាធិការរង និងលោកសាស្រ្តាចារ្យ Christ Ryan អំពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តីក៏ថ្លែងគូសបញ្ជាក់ពីសារៈសំខាន់ភាពជាដៃគូកិច្ចសហប្រតិបត្តិការ ពិសេសកិច្ចសហការរួមគ្នាក្នុង ការអភិវឌ្ឍការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត ជាពិសេសនឹងចូលរួមសម្រេចនូវទិសដៅ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ភាគីសកលវិទ្យាល័យវៃកាតូ សំដែងនូវក្តីរីករាយនិងគាំទ្រ ដល់សំណើជាក់ស្តែងរបស់ក្រសួងទេសចរណ៍ ដែលទាក់ទងនឹង៖

១៖ ការផ្តល់បច្ចេកទេស និងអ្នកស្រាវជ្រាវដើម្បីជួយដល់វិទ្យាស្ថានជាតិទេសចរណ៍
២៖ ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅកម្ពុជា
៣៖ ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងការគ្រប់គ្រង និងវិភាគទិន្នន័យស៊ីជម្រៅ (Big Data Analysis System) សម្រាប់វិស័យទេសចរណ៍ និងជំនាញចាំបាច់ផ្សេងៗទៀត (ដោយផ្អែកតាមសំណើរជាក់ស្តែងរបស់ក្រសួងទេសចរណ៍)
៤៖ ការផ្តល់អាហារូបករណ៍ដល់យុវជន សិស្ស និស្សិតកម្ពុជាសិក្សានៅសកលវិទ្យាល័យវៃកាតូ។
៥៖ ការបង្កើតឱ្យមានកម្មវិធីផ្លាស់ប្តូរកម្មសិក្សារវាងមន្រ្តីជំនាញ និងសិស្ស និស្សិតជំនាញទេសចរណ៍ រវាងសកលវិទ្យាល័យវៃកាតូ ជាមួយនឹងកម្ពុជាផងដែរ។

ក្នុងព្រិត្តិការណ៍មួយដោយឡែកទៀត នៅព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូក៏ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងវិជ្ជាជីវៈទេសចរណ៍ នូវែលសេឡង់ (New Zealand Management Academy) ដើម្បីជួបពិភាក្សាការងារ និងពង្រីកកិច្ចសហប្រតិបត្តិការលើ ការបណ្តុះបណ្តាលជំនាញទេសចរណ៍ផងដែរ ដែលនៅទីនោះប្រតិភូក៏បានទទួលបដិសណ្ឋារកិច្ច ស្វគមន៏ដោយក្រុមសិល្បៈរបស់សាលា ដែលច្រៀងចំរៀងរបស់ជនជាតិដើម នៅទីក្រុងនោះដ៏ពិរោះនិងស្និទ្ធស្នាលបំផុត៕