(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណរបស់កម្ពុជាសម័យមុន ជូនដល់កម្ពុជាវិញ បានលើកឡើងថា ដោយសារតែលោកស្រី និងស្វាម៉ី ស្រលាញ់ពេញចិត្តនឹងសិល្បៈ និងវត្ថុបុរាណខ្មែរ ទើបមិនចង់ឱ្យវត្ថុបុរាណខ្មែរទាំងអស់ឃ្លាតឆ្ងាយពីកន្លែងដើមឡើយ ព្រោះតែរបស់បុរាណមួយ ដែលមានតម្លៃ ទាល់តែរបស់នោះនៅកន្លែង ដើមរបស់វា ទើបវាតម្លៃក្នុងន័យវប្បធម៍ផង និងសិល្បៈផង។

លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា បានលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកស្រី បាននាំយកវត្ថុបុរាណខ្មែរមកពីប្រទេសជប៉ុនចំនួន៨៥ មកប្រគល់ជូនដល់សារមន្ទីជាតិខ្មែរវិញ។ ពិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសារមន្ទីជាតិ ដែលបានធ្វើឡើងក្រោមអធិបតីលោក ប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចួលរួមពីលោក គង់ វីរះ ប្រធាននាយកដ្ឋានសារមន្ទីជាតិ រួមជាមួយអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា បានឱ្យដឹងថា ស្វាម៉ីរបស់លោកស្រីបានចាប់អារម្មណ៍ពីសិល្បៈខ្មែរ តាំងតែពីក្មេងមកម្លេះ ហើយគាត់បានមកប្រទេសកម្ពុជា ដើម្បីសិក្សាពីសិល្បៈខ្មែរបានមួយរយៈ ហើយបន្ទាប់ពីគាត់ត្រឡប់ទៅជប៉ុនវិញ លោកចាប់ផ្តើមឈឺ ហើយមុនពេលគាត់ស្លាប់ គាត់បានផ្តាំឱ្យយកវត្ថុរាណដែលជារបស់ខ្មែរ ប្រគល់មកដល់ប្រទេសខ្មែរវិញ រួចលោកស្រីក៏បានរៀបចំយកមកប្រគល់តាមបណ្តាំរបស់ប្តីគាត់តែម្តង។

លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា បានថ្លែងបន្តថា លោកស្រីពិតជាមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលឃើញរបស់បុរាណខ្មែរ មកដល់កន្លែងដើមវិញដូចនេះ។ ចំពោះវត្ថុបុរាណទាំងអស់នេះ គឺលោកស្រី បានចាប់ផ្តើមធ្វើការប្រមូលទិញតាំងពី២០ឆ្នាំមុនមកម្លេះ នៅពេលដែលលោកស្រីបានឃើញមានលក់ នៅក្នុងប្រទេសជប៉ុន និងកនន្លែងផ្សេងៗទៀត ទើបមានចិត្តស្រលាញ់ក៏បានទិញយកមកទុកតែម្តង។

លោកស្រីបានបន្ថែមថា កាលដែលបានដឹងថា របស់បុរាណនេះ ជារបស់ខ្មែរ ដោយសារតែប្តីលោកស្រីបានសិក្សាពីសិល្បៈខ្មែរ ហើយដឹងថា វត្ថុបុរាណនេះវាទាក់ទងនឹងសាសនាមហាយានរបស់ខ្មែរ ទើបលោកមិនចង់ឱ្យរបស់ទាំងអស់នោះទៅឆ្ងាយពីកន្លែងដើមទេ ទើបលោកស្រី និងស្វាម៉ី ធ្វើការដើរទិញប្រមូលទុកតែម្តង ហើយពេលប្តីលោកស្រី មុនស្លាប់បានផ្តាំលោកស្រីថា របស់បុរាណមួយ ទាល់តែនៅកន្លែងដើមវា ទើបវាតម្លៃក្នុងន័យវប្បធម៍ផង និងសិល្បៈ ដូចនេះហើយទើបលោកស្រីសម្រេចចិត្តយករបស់ទាំងនេះប្រគល់ឱ្យស្រុកខ្មែរវិញតែម្តង។

លោក ប្រាក់ សុវណ្ណរ៉ា បានថ្លែងថា នេះជាលើកទី២ហើយ ដែលលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា បានប្រគល់វត្ថុសិល្បៈបុរាណដល់កម្ពុជា ហើយការប្រគល់លើកនេះមានចំនួន៨៥មុខ។ ការប្រគល់វត្ថុបុរាណទាំង៨៥មុខនេះ ក៏ជាការឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រីផងដែរ លើសពីនេះទៀតនោះលោកស្រី បានប្រគល់ថវិកាចំនួន ៥ពាន់ដុល្លារ ជូនដល់សារមន្ទីជាតិ ដើម្បីជួយក្នុងដំណើរការទ្រទ្រង់ និងអភិរក្សវត្ថុបុរាណនៅសារមន្ទីជាតិផងដែរ ។

លោកបានបន្ថែមទៀតថា ក្នុងនាមក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណដល់លោកស្រី ដែលបានស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណខ្មែរ ជូនមករាជរដ្ឋាភិបាល និងប្រជាជនខ្មែរវិញ ដែលការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើត បានបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យបុរាណ។ គិតមកដល់ពេលនេះមាន សប្បុរសជននៅទូទាំងសលកលោក បានធ្វើការប្រគល់វត្ថុបុរាណ មកដល់ប្រទេសកម្ពុជា ជាច្រើនផងដែរ។

សូមបញ្ជាក់ដែរថា អំណោយវត្ថុបុរាណទាំងនេះមានដូចជា៖ បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរផងដែរ៕