(សៀមរាប)៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ វាស់វែង និងគណនាឈើ នៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ក្នុងក្រុងសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារងខេត្តមួយរូប។

ក្នុងប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញឈើគ្មានច្បាប់/គ្មានលិខិតស្នាមចំនួន២៥១ម៉ែត្រ ក្នុងចំណោមឈើដែលនៅមានសរុប៥២៦ម៉ែត្រគូប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមការងារបានវាស់វែង ពិនិត្យ និងគណនាឈើអារ មានឈើសរុបចំនួន ៥២៦ម៉ែត្រគូប ហើយចំពោះឈើលើសគ្មានច្បាប់/គ្មានលិខិតស្នាម ជាឈើលើស (PC) មានចំនួន៣,៥៩៣ដុំ ស្មើនឹងចំនួន២៥១ម៉ែត្រគូប។ ឈើមានលិខិត៣០ច្បាប់ ស្មើនឹង២៧៤ម៉ែត្រគូប ដែលម្ចាស់ឈើឈ្មោះ គី ស៊ុនឡេង។

សមត្ថកិច្ចបានបញ្ជាក់ថា ឈើដែលមានក្នុងលិខិតអនុញ្ញាត (PC) គឺឈើអារមានចំនួន១២លិខិត ដែលស្មើនឹង២២៨ម៉ែត្រគូប និងឈើមូល មានចំនួន១៨លិខិត ដែលមាន១៥៤ដើម គឺស្មើនឹង៤៥ម៉ែត្រគូប បើសរុបឈើមានលិខិតស្នាម គឺមានចំនួន២៧៤ម៉ែត្រគូប។ ក្នុងនោះឈើចំនួន ២៥១ម៉ែត្រគូប ដែលគ្មានច្បាស់ ត្រូវសមត្ថកិច្ចចម្រុះសម្រេចដឹកមករក្សាទុកនៅឃ្លាំងមណ្ឌលរដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប។

ក្រោយមានការចុះបង្ក្រាបទីតាំងស្តុកឈើ នៅកណ្តាលក្រុងសៀមរាបនេះ ប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា បរិមាណឈើដែលសមត្ថកិច្ចចុះពិនិត្យទាំងនេះ គឺអាចជាចំនួនឈើដែលដឹកជញ្ជូនចូលថ្មីៗខ្លះ ឬឈើសល់ចាស់ខ្លះ ព្រោះក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ ព្រោះម្ចាស់សណ្ឋាគារដ៏ធំ ដែលមានឈ្មោះថា សណ្ឋគារអង្គរអេរ៉ា បានសាងសង់សណ្ឋាគារដ៏ធំមួយទៀត ដែលមានឈ្មោះថា សណ្ឋាគារ បាយ័នអេរ៉ា ដែលក្នុងការកសាងសណ្ឋាគារថ្មីនេះ គឺបានប្រើប្រាស់ឈើក្នុងបរិមាណជាច្រើនពាន់ម៉ែត្រគូប ហើយបានសាងសង់រួចរាល់ និងដំណើរការជាស្ថាពរទៅហើយនាពេលនេះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកអភិបាលខេត្ត សូមបន្តស្រាវជ្រាវសិក្សាស្វែងយល់បន្ថែមថា ហេតុអ្វីបានជាឈើដ៏ច្រើនសន្ធឹកសន្ធាប់គ្មានលិខិតស្នាមទាំងនេះមកដល់ទីនេះដោយសុវត្ថិភាព ទន្ទឹងនឹងសមត្ថកិច្ចជំនាញមានជាច្រើន និងហូរហែរតាមដងផ្លូវ តែបទល្មើសនៅតែមានយ៉ាងនេះ៕