(សៀមរាប)៖ ដើម្បីឲ្យនិស្សិតដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម ឬវិស្វកម្មសំណង់ ចូលរួមចំណែកបញ្ចេញនូវសមត្ថភាព ទេព្យកោសល្យ និងចំណេះដឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរា នឹងរៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មទូលំទូលាយលើគម្រោងប្លង់សោភ័ណភាព នៅតាមដងវិថីសម្ដេចវិបុលបញ្ញា សុខ អាន ហៅផ្លូវ៦០ម៉ែត្រ ចាប់ពីរង្វង់មូលអប្សរារហូតដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាជាតិអប្សរា បានឱ្យដឹងបន្ថែមថា មូលហេតុដែលនាំមានការរៀបចំការប្រកួតប្រជែងនេះ គឺដោយសារតំបន់សៀមរាប-អង្គរបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញយ៉ាងខ្លាំង ក្នុងនោះភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរ ក៏បានមកស្នាក់នៅ និងទស្សនានៅក្រុងសៀមរាបផងដែរ។ ម្យ៉ាងវិញទៀត ទីក្រុងសៀមរាបក៏បានក្លាយជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំធំៗលំដាប់អន្តរជាតិ ទើបចាំបាច់តម្រូវឱ្យមានការកែលម្អសោភ័ណភាពទីក្រុងបន្ថែម។

ចំពោះលក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែងនេះ រួមមាន៖

១. គោលការណ៍បច្ចេកទេស៖ គម្រោងប្លង់ស្ថាបត្យកម្មនេះផ្តោតលើការកែលម្អប្រឡាយទឹក ផ្លូវសងខាងប្រឡាយ ចិញ្ចើមផ្លូវ សួនច្បារ ការដាំដើមឈើ ប្រឡាយស្ទាក់សំរាម ការកែលម្អចរាចរ។ គម្រោងប្លង់ត្រូវមានសោភ័ណភាព និងអត្តសញ្ញាណស្ថាបត្យកម្មខ្មែរទំនើបល្អឯក ធ្វើឲ្យមហាជនទូទៅពេញចិត្ត និងកោតសរសើរ ដោយយកចិត្តទុកដាក់លើគោលការណ៍អភិវឌ្ឍន៍បៃតង និងលក្ខណៈចីរភាពនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្ត្រ ទេសភាពវប្បធម៌ សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំងការធ្វើសមាហរណកម្មទីក្រុងបេតិកភណ្ឌអង្គរ។

២. ពាក់ព័ន្ធនឹងការពន្យល់លម្អិតអំពីគម្រោង និងដំណើរការនីតិវិធី អាជ្ញាធរជាតិអប្សរានឹងជូនដំណឹងនៅពេលក្រោយ។ ការពន្យល់នេះ អាចរៀបចំធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តសៀមរាប អាស្រ័យលើចំនួនបេក្ខជនដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែង។

៣. ការទទួលពាក្យ៖ បេក្ខជនត្រូវដាក់ពាក្យសុំចូលរួមប្រកួតប្រជែងនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ដែលមានអាសយដ្ឋាននៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឬដាក់ពាក្យតាមរយៈ (Telegram: លោក ម៉ូត លីណា ទូរស័ព្ទលេខ ០១២ ៤៤៥ ០៨៨) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

សូមជម្រាបថា ចំពោះបេក្ខជនដែលឈ្នះក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីអាជ្ញាធរជាតិអប្សរាចំនួន ៤,០០០,០០០រៀល៕